Trump បន្ទោស Biden រឿងសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ
បរទេស ៖ លោកប្រធានាធិបតី Donald Trump បានស្តីបន្ទោស លើលោក Biden អតីតប្រធានាធិបតី ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលធ្លាក់ចុះខ្លាំង។
សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ដោយមិននឹកស្មានដល់ ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះ ដោយសារការកើនឡើង នៃការនាំចូល ដែលបង្កឡើងដោយសារផែនការពន្ធ របស់លោក Donald Trump ប៉ុន្តែ ប្រធានាធិបតី រូបនេះ បានស្តីបន្ទោស ទៅលើអ្នកកាន់តំណែងមុន គឺ លោក Joe Biden។
សន្ទស្សន៍ Wall Street សំខាន់ៗទាំងបីបានធ្លាក់ចុះ នៅលើព័ត៌មានសេដ្ឋកិច្ច ខណៈដែលតម្លៃប្រេងបានពង្រីកការខាតបង់។ ការកើនឡើងយ៉ាងខ្លាំង នៃការនាំចូល គឺជាការឆ្លុះបញ្ចាំងពីអាជីវកម្ម និងអ្នកប្រើប្រាស់ ដែលស្តុកទុកទំនិញ ពីបរទេស ដើម្បីទទួលបានការរួចផុត ពីការតំឡើងពន្ធ របស់ Trump ដែលបានចូលជាធរមាន នៅដើមខែនេះ។
នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីពុធ លោក Trump បានទទូចថា ការធ្លាក់ចុះនៃកំណើននេះ គឺជាមរតក នៃគោលនយោបាយរបស់អតីតប្រធានាធិបតី Joe Biden។ លោកបានមានប្រសាសន៍ថា «នោះគឺលោក Biden នោះមិនមែនជា Trump ទេ»។
ផលិតផលក្នុងស្រុកសរុប ឬ GDP នៃប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក មួយនេះ បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ០.៣ភាគរយ នៅក្នុងត្រីមាសទីមួយ បន្ទាប់ពីកើនឡើង ២.៤ភាគរយ នៅក្នុងខែចុងក្រោយ នៃឆ្នាំ២០២៤ នេះបើយោងតាមការប៉ាន់ប្រមាណដំបូង កាលពីថ្ងៃពុធ ពីសំណាក់នាយកដ្ឋានពាណិជ្ជកម្ម សហរដ្ឋអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
