សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ សំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ។
ទិវាពលកម្ម អន្តរ ជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ គឺរាជរដ្ឋាភិបាល បានចេញសារាចរ ដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសរីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជក ក្រោម ឈ្មោះ សហគមន៍សុខសាន្ត ។
ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា ដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ។
តាមរយៈសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការជ្រើសរើសប្រធានបទនេះ ជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់កម្មករ និយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជា ជាសកល ដែលបណ្ដាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្ដរជាតិផងដែរ ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកនៃការធ្វើពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា។ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែលបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាប្រតិបត្តិករដ៏សំខាន់លើការងារកំពង់ផែនេះ។ ពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើសកម្មភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រោះជាដង្ហើមសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ។
ផ្តើមចេញពីការយកចិត្តទុកដាក់នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសរើសយកថ្ងៃទី១ ខែឧសភា ថ្ងៃទិវាពលកម្មអន្តរជាតិជាថ្ងៃសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៅកំពង់ផែ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងបំពេញការងាររបស់ពួកគេ។
ទោះបីសម្តេចតេជោ ហ៊ុន សែន ដាក់ការងារជានាយករដ្ឋមន្ត្រី ចុះហើយ ក៏ការយកចិត្តទុកដាក់ដល់អ្នកបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនត្រូវបានទម្លាក់ចោលនោះឡើយ ដោយត្រូវបានបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ខណៈ ឆ្នាំ២០២៥នេះ ជាលើកទី២ហើយ ដែលសម្តេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០២៤ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ











