កងកម្លាំងស៊ីរីពង្រាយរថក្រោះនៅទីប្រជុំជន
បរទេស ៖ កងកម្លាំងសន្តិសុខស៊ីរី ជាមួយនឹងរថក្រោះ និងអាវុធ ត្រូវបានដាក់ពង្រាយ នៅទីប្រជុំជន Sahnaya ភាគនិរតី នៃរដ្ឋធានី Damascus បន្ទាប់ពីមានការប៉ះទង្គិចគ្នា យ៉ាងសាហាវ រវាងកងកម្លាំងរដ្ឋាភិបាល និងយុទ្ធជន Druze នៅក្នុងតំបន់។
សហគមន៍ Druze របស់ប្រទេសស៊ីរី ភាគច្រើន បានចាកចេញពីសង្រ្គាមស៊ីវិល ដ៏យូរ របស់ប្រទេសនេះ ប៉ុន្តែ ចាប់តាំងពីការទម្លាក់អតីតប្រធានាធិបតី Bashar al-Assad ក្នុងខែធ្នូ ឆ្នាំ២០២៤មក ខ្លួនកំពុងប្រឈមមុខនឹងរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយអ៊ីស្លាម ចំពេលមានអន្តរាគមន៍យោធា ពីអ៊ីស្រាអែល។
សហគមន៍ Druze មានសមាជិក ប្រហែល៣ភាគរយ នៃចំនួនប្រជាជនសរុប ២៣លាននាក់ គិតនៅមុនពេលមានសង្គ្រាម នៅប្រទេសស៊ីរី។ ពួកគេតែងតែប្រមូលផ្តុំ នៅក្នុងខេត្ត Sweida ភាគខាងត្បូង និង តំបន់តូចៗ នៅជុំវិញទីក្រុង Damascus។
កាលពីដើមសប្តាហ៍ មានការប៉ះទង្គិចគ្នា បានផ្ទុះឡើង រវាងកងកម្លាំងសន្តិសុខនិង ក្រុមក្រៅច្បាប់ទាំងនេះ នៅក្នុងតំបន់ Sahnaya។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ដែលដកស្រង់ ទិន្នន័យចេញពីក្រសួងសុខាភិបាល បាននិយាយថា មនុស្ស១១នាក់ ត្រូវបានសម្លាប់ និង របួសជាច្រើននាក់ ផ្សេងទៀត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត