អវកាសយានិកចិន ៣នាក់វិលមកផែនដីដោយសុវត្ថិភាព
ប៉េកាំង ៖ អវកាសយានិក ៣នាក់ កាលពីថ្ងៃពុធ វិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេល ៦ខែស្នាក់នៅលើស្ថានីយអវកាសចិនធានកុង (Tiangong) ខណៈដែលទីក្រុងប៉េកាំងចង់ក្លាយជាមហាអំណាចនៅទីអវកាស។
នៅពេលមកដល់ផែនដី ក្រុមអវកាសយានិកចិនទាំង ៣នាក់សុទ្ធតែមានសុខភាពល្អ ក្នុងនោះមានអវកាសយានិកជាស្រ្តីម្នាក់ ដែលបានទៅបំពេញបេសកកម្មក្នុងលំហ ចាប់តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
យានត្រឡប់មកវិញ ដែលផ្ទុកអវកាសយានិកចិន Shenzhou-19 បានធ្លាក់ចុះមកដល់ផែនដីនៅក្នុងតំបន់ម៉ុងហ្គោលីដូចការគ្រោងទុក និងបានពាំនាំភាពជោគជ័យជាខ្លាំងត្រឡប់មកវិញ បន្ទាប់ពីបានបញ្ចប់បេសកម្មក្នុងលំហ។
ប្រទេសចិនបានជះលុយរាប់ពាន់លានដុល្លារទៅក្នុងកម្មវិធីអវកាសក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវអ្វីដែលលោកប្រធានាធិបតី ស៊ី ជីនពីង ពណ៌នាថា “Space Dream” ឬ “សុបិនអវកាស” របស់ប្រទេសចិន។
ជាក់ស្តែង មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ មានផែនការបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅចុងទសវត្សរ៍នេះ ហើយនឹងសាងសង់មូលដ្ឋានជាអចិន្ត្រៃយ៍នៅលើផ្ទៃភពព្រះចន្ទតែម្តង៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា