សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល
(ព្រះសីហនុ)៖ បង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាងច្បាស់ថា ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការងារដែលផ្តល់កម្លាំងពលកម្មដល់ប្រជាពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព ។
នេះជាការបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ។
សម្តេចធិបតី បានថ្លែងថា ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ច, ជាពហុវិស័យប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ហើយថ្ងៃមុខ សម្ដេចនឹងអញ្ជើញមកសម្ពោធរោងចក្រទី២, នៅពេលដែលកម្លាំងវិនិយោគកាន់តែខ្លាំង នោះកម្លាំងសេដ្ឋកិច្ច និងកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែកើនផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបើកច្រកក្នុងការពិនិត្យ និងផ្តល់លទ្ធភាពក្នុងការជ្រើសរើសថ្នាក់ដឹកនាំក្រុមហ៊ុនវិស័យឯកជន គឺបើកនូវភាពបត់បែនក្នុងវិស័យឯកជន សម្រាប់អភិវឌ្ឍ និងធានានៅការដឹកនាំតួអង្គដែលមានសមត្ថភាព, បទពិសោធ ដោយមិនរើសអើង សំដៅធានាភាពម្ចាស់ការ, ប្រសិទ្ធភាព ដើម្បីទាញយកប្រសិទ្ធផលជូនសហគ្រាស ក្នុងការប្រកួតប្រជែង ពិសេសសម្រាប់សហគ្រាសយុទ្ធសាស្ត្រ ជាក់ស្តែងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ ក្នុងន័យនេះ, ផែនការដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺវិវត្តកំពង់ផែមិនត្រឹមតែសម្រាប់កម្ពុជា និងអន្តរជាតិ តែជាកំពង់ផែបម្រើដល់ការដឹកជញ្ជូន ថ្នាក់តំបន់ ដោយគោលដៅគឺប្រែក្លាយឱ្យទៅជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ព្រោះ “កម្ពុជា មានបំណងចង់ដើរតួនាទីកាន់តែសកម្មទាំងក្នុងតំបន់ និងពិភពលោក”។
សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា វដ្តនៃសេដ្ឋកិច្ចមានកើន មានចុះ តែចរន្តនៃការធ្វើពាណិជ្ជកម្ម គឺមិនកាត់ផ្តាច់នោះទេ ព្រោះគ្មានប្រទេសណា ដែលអាចរស់បានដោយមិនធ្វើពាណិជ្ជកម្មទៅក្រៅ ឬរស់នៅឯកោឡើយ។ ទំនាក់ទំនងពាណិជ្ជកម្មកាន់តែរីក, តម្រូវការកាន់តែកើន, មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក នៅតែសំខាន់ ហើយនឹងបន្តជានិច្ច។ ដូចនេះ, រាជរដ្ឋាភិបាល បានព្យាករណ៍ក្នុងការរីកចម្រើនលើវិស័យដឹកជញ្ជូន និងភ្ជាប់ការដឹកជញ្ជូនទៅខាងក្រៅ ដោយភ្ជាប់ផ្លូវទឹកកម្ពុជា ទៅពិភពលោក ទើបរាជរដ្ឋាភិបាល បណ្តាក់ទុនការវិនិយោគលើកំពង់ផែ ហើយជាការវិនិយោគដោយភាពឆ្លាតវៃ ។
ជាមួយគ្នានេះ, រាជរដ្ឋាភិបាល នឹងបន្តដាក់ចេញ វិធានការផ្សេងៗ សំដៅបន្តជំរុញ និងលើកកម្ពស់ ពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែសកម្ម និងរីកចម្រើនបន្ថែមទៀត ។ សម្តេចធិបតី ក៏បានសម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅស្រុកបន្តធ្វើការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាសហរដ្ឋអាមេរិកឱ្យដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយ ជាមួយសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ