៣ខែ អំពើហិង្សានៅហៃទី ផ្តាច់ជីវិតមនុស្សជាង ១.៦០០នាក់
អ.ស.ប ៖ អំពើហិង្សាបង្កឡើងពីក្រុមក្មេងទំនើង បានសម្លាប់ជីវិតមនុស្សច្រើនជាង ១.៦០០នាក់ ភាគច្រើនជាសមាជិកក្រុមក្មេងទំនើងក្នុងពេលត្រឹមតែ ៣ខែប៉ុណ្ណោះ ខណៈក្រុមឧក្រិដ្ឋជនសកម្មប្រយុទ្ធកំពុងព្យាយាមពង្រីកទឹកដីក្នុងប្រទេសហៃទី។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មនុស្សចំនួន ១.៦១៧នាក់ត្រូវបានសម្លាប់ និង ៥៨០នាក់ទៀតរបួស ដោយសារអំពើហិង្សាពាក់ព័ន្ធនឹងក្រុមក្មេងទំនើង និងក្រុមបង្កអសន្តិសុខដទៃទៀត រួមទាំងក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបនៃកងកម្លាំងសន្តិសុខ។
នៅចន្លោះខែមករា និងខែមីនា ទោះបីជាសមាជិកខ្លួនបានស្លាប់ និងរបួសជាង ៩៣៦នាក់ក៏ដោយ ក្រុមក្មេងទំនើងហៃទីនៅតែព្យាយាមដណ្តើមកាន់កាប់ទឹកដីថែមទៀតនៅក្នុងតំបន់ទីប្រជុំជននៃរដ្ឋធានីព័រអូប្រុំាង និងតំបន់ជុំវិញ។
ជាប្រទេសក្រីក្របំផុតនៅអឌ្ឍគោលខាងលិច ហៃទីបានប្រឈមមុខនឹងអស្ថិរភាពនយោបាយធ្ងន់ធ្ងរបំផុត ហើយប្រទេសនេះក៏កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើឃាតកម្ម ការចាប់រំលោភ និងការចាប់ជំរិតជាដើម។
ទន្ទឹមគ្នានេះ ក្រុមប្រដាប់អាវុធក៏កំពុងប្រយុទ្ធដើម្បីគ្រប់គ្រងរដ្ឋធានីព័រអូប្រុំាង ហើយការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាន់តែខ្លាំងក្នុងពេលប៉ុន្មានខែថ្មីៗនេះ ខណៈអ្នកតំណាងពិសេសយូអិនប្រចាំប្រទេសការាបៀនបានព្រមានថា ហៃទីកំពុងខិតទៅជិតស្ថានភាពដ៏វឹកវរបំផុត ដែលមិនអាចស្តារឡើងវិញបាន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា