អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រោមម្លប់នៃសន្តិភាពធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានការរីចម្រើន

អត្ថបទដោយ៖
គន្ធា ឃិន

បន្ទាយមានជ័យ៖អភិបាលខេត្ត បន្ទាយមានជ័យបានគូសបញ្ជាក់ថា ក្រោម​ម្លប់នៃសន្តិភាពដែលបានមកដោយ​នយោបាយ​ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី និងស្ថិតក្រោមការដឹកនាំប្រកបដោយថាមពលនិង​មាន​ចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជាធ្វើឱ្យ​ប្រទេស​កម្ពុជាមានការអភិវឌ្ឍរីកចម្រើន​ជា​បន្ត​បន្ទាប់ ជាពិសេសខេត្តបន្ទាយមានជ័យមានការរីកលើគ្រប់វិស័យ ក្នុងនោះមាន​វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងយ៉ាងដូច្នេះក្នុងទិវា​ពលកម្ម​​អន្តរជាតិ ១ ឧសភាឆ្នាំ២០២៥ ខួប អនុស្សាវរីយ៍លើកទី១៣៩ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់”ប្រារព្ធនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៥។

ឯកឧត្តមអភិបាលខេត្តបានបន្តថា “សន្តិភាព” បានធ្វើឱ្យវិស័យការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធផលជា​ផ្លែផ្កា​យ៉ាងច្រើនដែលបងប្អូន កូន ក្មួយ បាននិងកំពុងទទួលរាល់ថ្ងៃនេះ ។ជាមរតកបានមកពីការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ដែល​បានបន្តកសាង និងបង្កើតឡើង​ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី។សមិទ្ធផលទាំងនោះរួមមាន កម្មករ-កម្មការិនី វិស័យកាត់ដេរ ក្នុងឆ្នាំ២០២៥ ត្រូវបានដំឡើង​ប្រាក់ឈ្នួលគោលអប្បបរមា​ដល់២០៨ដុល្លារ ក៏ដូចជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀត។

បង្ហាញពីមោទនភាពសម្រាប់ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បាន​លើកឡើងថា រោងចក្រ ហាយ ថេក អឺភែរឹល (ខេមបូឌា)ដែលជា​រោងចក្រកាត់ដេរសំលៀកបំពាក់ធំបំផុតក្នុងខេត្ត បានទទួលពានមាស និង​ទទួលបានការលើកលែង​ការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល៣ឆ្នាំ ក្នុងករណីគ្មានបណ្ដឹង។

ឯកឧត្ដម អ៊ុ រាត្រី បានលើកទឹកចិត្តដល់ កងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក អាជ្ញាធរ​មូលដ្ឋានគ្រប់ថ្នាក់ អង្គភាពសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថាន​សាធារណៈ គ្រឹះស្ថានឯកជន អង្គការសង្គមស៊ីវិល បន្តសកម្មភាពដ៏ល្អបន្ថែមទៀត
ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕


ដោយ៖ឃិន គន្ធា

ads banner