ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៦ ជូនដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ ចំនួន៦ ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ លើបញ្ហាទាំងអស់នេះ ដែលអាចនឹងកើតឡើងជាយថាហេតុ រួមមាន៖ ទី១. សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអនុសាខាកាកបាទក្រហមក្រុង ស្រុកទាំង៩ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ទី២. ត្រូវបន្តតាមដានជាប្រចាំពីសភាពការណ៍នានា នៅមូលដ្ឋាន និងស្វែងយល់ឱ្យបានស៊ីជម្រៅពីភាពងាយរងគ្រោះ ដើម្បីត្រៀមលក្ខណៈបង្ការ ទប់ស្កាត់ និងមានវិធានការដោះស្រាយផលប៉ះពាល់ទាំងនោះ។ ទី៣. ត្រូវយកចិត្តទុកដាក់សហការ គាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអប់រំផ្សព្វផ្សាយព័ត៌មានពីការការពារសុខភាព និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនានាជូនប្រជាពលរដ្ឋ។ ទី៤. គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមខេត្ត រួមជា មួយមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវសហការស្វែងយល់អំពីផលប៉ះពាល់ដែលបណ្តាល មកពីការប្រែប្រួលអាកាសធាតុដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ជាដើម ដើម្បីអាចក្តាប់សភាពការណ៍ និងឆ្លើយតប ពីផលប៉ះពាល់ទាំងនោះបានទាន់ពេលវេលា។ ទី៥. ត្រូវបន្តពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម តាមរយៈការបង្កើនចំណេះដឹង និងសមត្ថភាពជំនាញ ដើម្បីក្លាយជាកម្លាំងដ៏រឹងមាំក្នុងកិច្ចប្រតិបត្តិការមនុស្សធម៌។ និងទី៦. សូមចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ជំរុញផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក ដើម្បីកាត់បន្ថយអាត្រាស្លាប់ និងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ស្របតាមពាក្យស្លោករបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើក “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

ប្រសាន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «អបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅក្នុងបរិវេណណសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា អង្គមិទ្ទិញយើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កាកបាទក្រហមកម្ពុជា ជាពិសេសសម្រាប់សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូលតែម្តង ពីព្រោះការចូលរួមបរិច្ចាគ សប្បុរសជនទាំងអស់នៅថ្ងៃនេះ នឹងជួយឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ មានលទ្ធភាពក្នុងការបន្តបេសកកម្មរបស់ខ្លួន ក្នុងបុព្វហេតុមនុស្សធម៌ ជាបន្តទៀត។ “ប្រតិបត្តិការផ្តល់ជំនួយសង្រ្គោះ ដោយគ្មានការរើសអើង ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្ម គ្រប់ពេលវេលា គ្រប់ទីកន្លែង នៅទូទាំងប្រទេស ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គឺជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់តម្លៃមនុស្សធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដែលស្របតាមពាក្យស្លោកដែលពោលថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ហើយ «កាកបាទក្រហមកម្ពុជា ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌»។

សូមជម្រាបថា ពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីមេគណខេត្តទាំងពីរគណៈ គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារមូលដ្ឋានរាជរដ្ឋាភិបាលចុះជួយខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំស្ថាប័ននានា អនុសាខាក្រុង ស្រុក មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត សប្បុរសជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជន ស.ស.យ.ក. និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សរុបប្រមាណ ១២៥០នាក់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner