សហគមន៍២នៅខេត្តពោធិ៍សាត់ ទិន្នផលត្រីបានកើនឡើង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង ការរក្សាបានព្រៃលិចទឹក

(ពោធិ៍សាត់)៖ ក្រុមប្រជាពលរដ្ឋសហគមន៍ ក្រសួងកសិកម្ម និងអាជ្ញាធរមូលដ្ឋានបានបង្ហាញពីកំណើនត្រីនៅសហគមន៍ចំនួន ២គឺ សហគមន៍នេសាទស្រីចឹក និង សហគមន៍នេសាទកំពង់ប្រាក់ ស្ថិតក្នុង ខេត្ត ពោធិ៍សាត់ មានកំណើនត្រីគួរឱ្យកត់សម្គាល់បន្ទាប់ពីមានការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងក៏ដូចជាការខិតខំ ថែរក្សាព្រៃលិចទឹកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ថ្លែងក្នុងអំឡុងពេលចុះទៅបំពេញទស្សនកិច្ច របស់ក្រសួងកសិកម្ម សភាពអឺរ៉ុប និងអង្គការ FAO នៅសហគមន៍នេសាទស្រីចឹកស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សហគមន៍អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ ដែលនាំឱ្យទិន្នផលត្រីទឹកសាបក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកជំទាវ បញ្ជាក់ថា ក្រសួងតែងយកចិត្តទុកដាក់កិច្ចការពារអភិរក្សទៅលើត្រីមេពូជ ដែលអាចជួយឱ្យកំណើនសត្វត្រីមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ជាមួយគ្នានេះកិច្ចការពារទៅលើបទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទត្រូវបានទប់ស្កាត់ ដើម្បីធ្វើយ៉ាងណាការពារឱ្យបានគង់វង្សនូវត្រីមេពូជ និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀតដែលកំពុងឈានទៅរកការបាត់បង់ពូជ។

លោកជំទាវបានបញ្ជាក់ថាតាមរយៈការថែរក្សាបានមេពូជត្រី និងការទប់ស្កាត់បានបទល្មើសនេសាទឃើញថាចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិសេសឆ្នាំ ២០២៤ និង២០២៥ត្រីមានចំនួនកើនឡើង ដែលជាផ្នែកមួយសំខាន់សម្រាប់បងប្អូននេសាទអាចរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររបស់ពួកគាត់។

ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធ៍សាត់បានថ្លែងថា ក្រោមកិច្ចការពារបាននូវបទល្មើសនេសាទ និងការរក្សាបាននូវព្រៃលិចទឹកគេឃើញថាកំណើនត្រីកើនឡើងបន្តបន្ទាប់មិនថាសហគមន៍នេសាទស្រីចឹកទេ ហើយពិសេសសហគមន៍នេសាទកំពង់ប្រាក់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ទិន្នន័យត្រីបានកើន ពី២០ទៅ៤០តោន។

ហើយបើតាមរបាយការណ៍របស់ខេត្តក្នុងឆ្នាំ២០២០ទិន្នផលត្រីមានតែ៣៣ម៉ឺនតោនប៉ុណ្ណោះ។មកដល់ឆ្នាំ២០២៤កន្លងមកពោលគឺក្រោមកិច្ចសហការដៃគូគ្រប់ភាគីរួមទាំងអង្គការដៃគូរយៈពេល៥ឆ្នាំនេះត្រីបានកើនឡើង៤២ម៉ឺនតោន ពោលគឺកើនឡើងប្រមាណ២៦ភាគរយ។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថានៅខេត្តពោធិ៍សាត់មានសហគមន៍នេសាទសរុបចំនួន៣៥ ហើយកន្លងមកអង្គការដៃគូបានជួយចំនួន១១សហគមន៍ផងដែរ។

លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បាន ឱ្យដឹងថា៖ សហគមន៍របស់លោកមានសមាជិក ៤៤៨នាក់ មានផ្ទៃដី ២៦៩៦ ហិកតា ក្នុងនេះមានកន្លែងអភិរក្សជលផល ព្រែកតាចាន់ មួយកន្លែង ទំហំ ៧,៥០ហិកតា ហើយមានប្រជាពលរដ្ឋសរុប ចំនួន ២០៤៨នាក់ ស្មើនឹង ៨៧២គ្រួសារ។

លោកថា ការរក្សាបានព្រៃលេចទឹកគឺជាកត្តាដ៏សំខាន់សម្រាប់ជម្រកត្រីពង និងក៏ជាជម្រកសុខសាន្តរបស់ពួកវារីកធំធាត់ដែរ។ក្រៅពីនេះកិច្ចការពារភ្លើងឆេះព្រៃ ការទប់ស្កាត់បទល្មើសនេសាទគឺជារឿងចាំបាច់ដ៏ចម្បងមួយទៀតដែលសហគមន៍តែងយកចិត្តទុកដាក់បំផុត មិនដែលធ្វេសប្រហែលខ្លួនសោះឡើយ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner