គ.ជ.ប អំពាវនាវដល់ពលរដ្ឋមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី ១០ឆ្នាំឡើងទៅធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃថ្មី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើង ត្រូវទៅធ្វើទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មីឲ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ ចាប់ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា។ ការិយាល័យចុះបោះឆ្នោតនៅតាមឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេស បានបើកដំណើរការទាំងអស់ ដោយមិនមានការរាំងស្ទះនោះឡើយ។

ប្រសាសន៍អំពាវនាវរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាស អញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ឯកឧត្តម ប្រធាន គ.ជ.ប ក៏បានធ្វើបច្ចុប្បន្នភាពដោយការផ្ទេរការិយាល័យបោះឆ្នោតពីឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកកាន់ការិយាល័យបោះឆ្នោតស្ថិតនៅសង្កាត់បឹងកក់២ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ស្របគ្នានឹងក្រុមគ្រួសាររបស់ឯកឧត្តម មកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មី នៅក្នុងសង្កាត់បឹងកក់២នេះផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការធ្វើបច្ចុប្បន្នភាពលើលើរូបថត និងខ្ចៅដៃសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ(ពីឆ្នាំ២០១៦ចុះក្រោម) សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។

បើតាម គ.ជ.ប ឱ្យដឹងដែរថា សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ ដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីជាមានង២២ម៉ឺននាក់៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner