កម្ពុជា និងជប៉ុន សាទរចំពោះសមិទ្ធផលសម្រេចបាន ពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានសាទរចំពោះសមិទ្ធផលនានា ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួប សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះ និងបានរំឭកនាពេលកន្លងទៅ ដែលសម្តេចតេជោ បានជួប ឯកឧត្តម Nishimura Yasutoshi នៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តម Shinzo Abe កាលពី៧ឆ្នាំមុន។ សម្តេចតេជោ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះផងដែរ។

នាឱកាសនោះ ឯកឧត្តម Nishimura Yasutoshi បានសម្តែងនូវអំណរអរគុណ និងការគោរពចំពោះ សម្តេចតេជោ ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃរបស់សម្តេចសម្រាប់ជំនួបនាពេលនេះ។ ឯកឧត្តម Nishimura Yasutoshi បានរំឭកអំពីប្រសាសន៍និងការគោរពរបស់ ឯកឧត្តម Shinzo Abe ចំពោះសម្តេចតេជោ នាពេលកន្លងមក។ ឯកឧត្តម បានសម្តែងនូវការសាទរចំពោះសមិទ្ធផលនានាដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការល្អរវាងជប៉ុន និងកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការការដោះមីន ការគាំទ្រយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុននៅមូលដ្ឋានសមុទ្ររាម នាពេលថ្មីៗកន្លងទៅនេះ ។

ឯកឧត្តម Nishimura Yasutoshi បានប្តេជ្ញាបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា តាមរយៈសក្តានុពលនៃការវិនិយោគជប៉ុននៅកម្ពុជា តួយ៉ាងដូចជារោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ដែលបានសម្ពោធដាក់ឱ្យដំណើរការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលថ្មីៗនេះ។ តាមរយៈដំណើរទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ឯកឧត្តម និងក្រុមគ្រួសារ បានចាត់ទុកប្រទេសកម្ពុជាជាប្រទេសទីពីររបស់ខ្លួនផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តម Nishimura Yasutoshi និងក្រុមគ្រួសារ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសសក្តានុពលសម្បូរបែបរបស់កម្ពុជា និងសក្ខីកម្មនៃការរីកចម្រើនរបស់កម្ពុជា ដែលទាំងនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេច បានផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព ដែលសម្តេច បានខិតខំប្រឹងប្រែងពុះពារជម្នះរាល់ឧបសគ្គដោយឥតរាថយ កសាងនិងរក្សាបាននូវសុខសន្តិភាពដែលមានរយៈពេលយូរជាងគេ នៅក្នុងអំឡុងពេល៥០០ឆ្នាំនៃប្រវត្តិសាស្រ្តកម្ពុជាចុងក្រោយនេះ។ សម្តេចបានសង្កត់ធ្ងន់ថាសង្រ្គាមងាយឆេះ តែពន្លត់ទៅវិញគឺពិបាកជាទីបំផុត។

សម្តេចតេជោ បានថ្លែងអរគុណមិត្តជប៉ុនដែលបានចូលរួមកសាងសន្តិភាពនៅកម្ពុជាចាត់តាំងពីមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរបានបន្តរីកចម្រើនជាបន្តបន្ទាប់នៅលើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ …។ល។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តជប៉ុន តាំងពីជំនាន់ ឯកឧត្តម Shinzo Abe រហូតមកដល់បច្ចុប្បន្ន ដែលជប៉ុន បានជួយកសាង និងអភិវឌ្ឍជាបន្តបន្ទាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅជំរុញភាពប្រកួតប្រជែងរបស់កម្ពុជាលើតម្លៃនៃការដឹកជញ្ជូន, និងការតភ្ជាប់បណ្តាញផ្លូវថ្នល់ ព្រមទាំងស្ពាន រួមមាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្សឹបាសា, ស្ពានគីហ្សូណា…។

សម្តេចតេជោ បានសម្តែងនូវអបអរសាទរដែលសមិទ្ធផលនានាកម្ពុជាសម្រេចបាន ដូចជាកំពង់ផែរាម បាននិងកំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។ សម្តេចតេជោ បានបន្តចែករំលែកនូវទស្សននានាពាក់ព័ន្ធនឹងស្ថានការណ៍ចំពោះមុខនៃសង្រ្គាមពាណិជ្ជកម្មដែលកំពុងរីករាលដាលជាសាកល និងដែលបានជំរុញការផ្លាស់ប្តូរនូវខ្សែច្រវាក់ផលិតកម្មនៅក្នុងពិភពលោកផងដែរ។

ឯកឧត្តម Nishimura Yasutoshi បានទទួលស្តាប់ដោយចាប់អារម្មណ៍បំផុត និងសម្តែងនូវក្តីរីករាយដោយទទួលបានការរៀនសូត្រពី សម្តេចតេជោ នាពេលនេះ ជាពិសេស ឯកឧត្តម បានយល់យ៉ាងច្បាស់អំពីទឹកចិត្តសម្តេចក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។ ឯកឧត្តម Nishimura Yasutoshi បានថ្លែងថា ឯកឧត្តម ក្នុងនាមប្រទេសជប៉ុន នឹងខិតខំជម្រុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។

ឯកឧត្តមមានជំនឿយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការទាំងនេះ នឹងចូលរួមចំណែកក្នុងការបើកច្រករបៀងសេដ្ឋកិច្ចថ្មីៗបន្ថែមទៀតជូនកម្ពុជា។ឯកឧត្តម បានសម្តែងនូវការយល់ស្របនឹងទស្សនសម្តេចតេជោ ពាក់ព័ន្ធនឹងស្ថានភាពនៃសង្រ្គាមពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងជឿជាក់ថាតាមរយៈការបន្តកិច្ចពិភាក្សា យើងនឹងអាចស្តារស្ថានភាពឱ្យបានល្អប្រសើរឡើងវិញ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner