សហគ្រិនខ្មែរបានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី

ភ្នំពេញ ៖ សហគ្រិនខ្មែរ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី ដែលដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។

គំនិតផ្តួចផ្តើមសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងអន្តរជាតិ និងការលើកកម្ពស់ស្មារតីសហគ្រិន រវាងយុវជនកម្ពុជា និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះមានគោលបំណងផ្តល់ឲ្យសិស្សនិស្សិតសិង្ហបុរីនូវការយល់ដឹង អំពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ជ្រាបពីកម្មវិធីផ្សេងៗដែលសហគ្រិនខ្មែរ គាំទ្រដល់ ធុរកិច្ចបង្កើតថ្មី (Startup) និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតម្រូវឱ្យមានសហគ្រិនជំនាន់ថ្មីមកជំនួស និងបន្ថែម ជាធនធាន មនុស្សដែលមានសក្ដានុពល និងភាពច្នៃប្រឌិតខ្ពស់។ ស្របតាមបរិបទតំបន់ ការជំរុញកិច្ចសហការរវាងយុវជនកម្ពុជា និងសិង្ហបុរី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ក្នុងការកសាងអ្នកដឹកនាំជំនាន់ក្រោយទាំងក្នុងវិស័យសាធារណៈ និង ឯកជន។”

បទពិសោធន៍នាថ្ងៃនេះគឺជាឱកាសសម្រាប់សិស្សនិស្សិតសិង្ហបុរី ដើម្បីចូលរួមដោយផ្ទាល់ជាមួយសហគ្រិន និងសិស្ស និស្សិតកម្ពុជា ដែលធ្លាប់ទទួលបាននូវការគាំទ្រហិរញ្ញប្បទាន និងជាប់ជាជ័យលាភីក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលត្រូវបាន រចនាឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលនិស្សិតប្រមាណ ២.០០០នាក់ មកពី ៥០ស្ថាប័នអប់រំ ក្នុងនោះមានប្រមាណ២៥០គំនិតដែលមានសក្ដានុពល ហើយមួយចំនួនអាចក្លាយជាធុរកិច្ចបង្កើតថ្មី។

កម្មវិធីនាថ្ងៃនេះ ក៏បានផ្តល់នូវវេទិកាមួយសម្រាប់សិស្សនិស្សិតទាំងពីរប្រទេសចែករំលែកបទពិសោធន៍ និងដំណើរ ជោគជ័យក្នុងវិស័យសហគ្រិនភាព។ តាមរយៈកម្មវិធីនេះ សហគ្រិនខ្មែរមានគោលបំណងជំរុញកិច្ចសហការ និងការ ចែករំលែកចំណេះដឹងរបស់យុវជនរវាងដៃគូទ្វេភាគី។ សហគ្រិនខ្មែរ នៅតែបន្តផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយ ទាំងក្នុងវិស័យឯកជននិងសាធារណៈ តាមរយៈកម្មវិធី និងគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់សហគ្រិនភាព។

កិច្ចសហការរវាងសហគ្រិនខ្មែរ, សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC), និង Youth Leaders Collective Program គឺជាអំណះអំណាងមួយចំពោះការប្តេជ្ញាចិត្តនេះ ដែលត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការនាពេលអនាគត ដែលនឹងពង្រឹង បន្ថែមនូវស្មារតីសហគ្រិនក្នុងចំណោមយុវជនទាំងក្នុង និងក្រៅប្រទេស៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner