អ៊ីតាលីបញ្ជូនយន្តហោះទៅជួយពន្លត់ភ្លើងឆេះព្រៃអ៊ីស្រាអែល

រ៉ូម ៖ ជាផ្នែកមួយនៃយន្តការការពារជនស៊ីវិលអឺរ៉ុបនោះ អ៊ីតាលីបានសម្រេចិត្តបញ្ជូនយន្តហោះចំនួន ២គ្រឿង ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃដ៏ធំនៅទីនោះ។

អាជ្ញាធរនិយាយថា ភ្លើងឆេះព្រៃដែលឆាបឆេះឡើងនៅជិតទីក្រុងហ្សេរុយសាឡឹមនោះ កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានមន្រ្តីពន្លត់អគ្គីភ័យគ្រប់គ្រងបានស្ទើរទាំងស្រុងហើយ។

ទន្ទឹមគ្នានេះ បណ្តាញផ្លូវសំខាន់ៗបានបើកឲ្យធ្វើចរាចរណ៍ឡើងវិញ បើទោះបីជាក្រុមពន្លត់អគ្គីភ័យនៅតែបន្តពន្លត់អណ្តាតភ្លើងដែលនៅសេសសល់។

សេវាពន្លត់អគ្គីភ័យបានរាយការណ៍ថា បុគ្គលិកជើងគោកចំនួន ១៦៣នាក់ និងយន្តហោះចំនួន ១២គ្រឿងត្រូវបានដាក់ពង្រាយ ដើម្បីពន្លត់ភ្លើង ដែលបានឆេះព្រៃប្រមាណ ១៣.០០០ហិកតា នេះបើយោងប្រភពពីប៉ូលិស។

ភ្លាមៗ លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានព្រមានកាលពីល្ងាចថ្ងៃពុធថា អណ្តាតភ្លើងអាចឆេះរាលដាលទៅដល់ក្រុងហ្សេរុយសាឡឹម និងបានប្រកាស “ភាពអាសន្នថ្នាក់ជាតិ”។

គិតមកទល់ពេលនេះ ប្រភពនៅមិនទាន់បញ្ជាក់ថាតើហេតុការណ៍ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនេះ បង្កឡើងពីស្នាដៃមនុស្ស ឬអ្វីមួយនោះទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner