ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល
(ភ្នំពេញ)៖ អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល ដែលមានកំពស់ ១១ជាន់ ដំបូលទែរ៉ាស់ ប្រវែងបណ្តាល ៤៤.៦០ម៉ែត្រ និងទទឹង ២២.៤៤ម៉ែត្រ ស្ថិតនៅលើវិថី សម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងលេចចេញឡើងនាពេលខាងមុខនេះ ដែលជាសំណង់អគារថ្មីមួយទៀតនៃវិស័យសុខាភិបាល ។ អគារនេះ នឹងចូលរួមមួយចំណែកបន្ថែមទៀត ដោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ផ្តល់ភាពងាយស្រួល ដល់ការបម្រើសេវាផ្នែករដ្ឋបាល នៃសុខាភិបាល។

ជាក់ស្តែងនាព្រឹកថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបានអញ្ជើញប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខសប្បាយ និងសេចក្តីសុខចំរុងចម្រើន។

រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសមិទ្ធិផលជាច្រើនដែលស្តែងចេញពីភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសក្នុងវិស័យសុខាភិបាល ក្រោមការយកចិត្តទុកដាក់ គិតគូរ និងផ្តល់អាទិភាពដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ទៅលើសុខុមាលភាពប្រជាជន៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ


