អាមេរិកចង់ចរចាសង្គ្រាមពន្ធជាមួយចិនឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និយាយថា ការចរចាផ្តោតសំខាន់លើសង្គ្រាមពន្ធគយជាមួយចិន នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។
ប្រមុខការទូតអាមេរិករូបនេះនិយាយថា វិធានការពន្ធរបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិនយ៉ាងធ្ងន់ធ្ងរ ដូច្នេះចិនចង់ចរចាដោះស្រាយរឿងនេះ។
លោក Rubio បន្ថែមថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនោះ ហើយកិច្ចពិភាក្សារបស់ពួកគេនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
រីឯអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាមេរិកបានទាកទងមកកាន់ចិន ដើម្បីចង់ចរចារឿងសង្គ្រាមពន្ធ ដូច្នេះចិនកំពុងថ្លឹងថ្លែងលើបញ្ហានេះ។
បើតាមអ្នកនាំពាក្យរូបនេះ មិនមានការផ្លាស់ប្តូរគោលជំហររបស់ចិនទេ ប្រសិនបើអាមេរិកចង់ចរចានោះ ទ្វារនៅតែបើកចំហ ហើយប្រសិនបើអាមេរិកចង់ប្រយុទ្ធ ការឆ្លើយតបរបស់ចិននឹងកំដរហូតដល់ទីបញ្ចប់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា