សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូនេស៊ី និងទីម័រឡេស្ត ពីថ្ងៃទី៥-៩ ខែឧសភា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥។ នៅឥណ្ឌូនេស៊ី សម្តេចតេជោនឹងជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងមានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ី និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន។ នៅថ្ងៃទី៧ ខែឧសភា សម្តេចនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្ត ដើម្បីទស្សនកិច្ចផ្លូវការ រហូតល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ទើបមកដល់កម្ពុជាវិញ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ម្តេចតេជោនាព្រឹកថ្ងៃទី៣ ខែខែឧសភា ឆ្នាំ២០១៥។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា បញ្ហាគ្រួសារ និងការងារពិបាកបែងចែកពីគ្នាណាស់។ គិតតែពីគ្រួសារចោលការងារក៏មិនបាន។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។ សម្រាប់ខ្ញុំពេលនេះថ្ងៃ៣ និង៤ឧសភាខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។ ថ្ងៃ៤ និង៥ឧសភា ខួប៣ឆ្នាំ នៃមរណភាពបងប្រុសទី២។
ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លង នាព្រឹកថ្ងៃ៥ឧសភា សម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេសុីនៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិប តីឥណ្ឌូនេសុីនៅម៉ោង១១ថ្ងៃត្រង់(ក្នុងករណីគ្មានការកែប្រែ)។
សម្តេចតេជោ បញ្ជាក់ថា នៅឥណ្ឌូនេស៊ីពីថ្ងៃ៥ ដល់ថ្ងៃ៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ទស្សនកិច្ច និងធ្វើបាឋកថា នៅលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា។
តាមការគ្រោងទុកខ្ញុំ និងធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ានាទីក្រុងហ្សាកាតា នាព្រឹកថ្ងៃ៦ឧសភា។ ថ្ងៃត្រង់៧ឧសភា ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្តដើម្បីទស្សនកិច្ចផ្លូវការរហូតល្ងាចថ្ងៃ៩ ឧសភា ២០២៥ ទើបមកដល់កម្ពុជាវិញ។ ថ្ងៃ១០ឧសភា មិនទាន់បានសម្រាកវាយកូនគោលទេ ព្រោះរឿងគ្រួសារបានមកដល់ទៀតហើយ នោះគឺចូលរួមកាត់សក់ ចងដៃឲ្យចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំ ដែលត្រូវរៀបការដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។ ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថា ពិបាកបែងចែករវាងការងារនិងបញ្ហាគ្រួសារ៕
ដោយ៖ពលជ័យ