លោក Trump គំរាមដាក់ទណ្ឌកម្មមិនរើសមុខ បើហ៊ានទិញប្រេងអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្រែកគំរាមខ្លាំងៗថា មិនថាជាបុគ្គល ឬប្រទេសណាក៏ដោយ ឲ្យតែហ៊ានលួចលាក់ទិញប្រេង ឬផលិតផលគីមីឥន្ធនៈពីអ៊ីរ៉ង់ នោះពួកគេនឹងត្រូវរងទណ្ឌកម្មជាបន្តបន្ទាប់ភ្លាមៗ។
មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារព្រមាននៅលើបណ្ដាញសង្គម Truth Social ថា អ្នកទិញប្រេងអ៊ីរ៉ង់ នឹងមិនត្រូវអនុញ្ញាតឱ្យធ្វើជំនួញជាមួយអាមេរិកជាដាច់ខាត ទោះបីក្នុងគ្រប់រូបភាព ឬទម្រង់ណាមួយទាំងអស់។
ការគំរាមធ្ងន់ៗរបស់លោកប្រធានាធិបតី Trump ធ្វើឡើងបន្ទាប់ពីការពន្យារពេលកិច្ចចរចាជុំចុងក្រោយបំផុត រវាងអាមេរិក និងអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលគ្រោងធ្វើឡើងនៅទីក្រុងរ៉ូម នៅថ្ងៃសៅរ៍នេះ។ បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ កាលបរិច្ឆេទថ្មីនឹងត្រូវបានកំណត់ អាស្រ័យលើទង្វើរបស់អាមេរិក។
ទោះជាយ៉ាងណា រដ្ឋបាលរបស់លោក Trump បានដាក់គោលដៅសង្កត់កអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មជាបន្តបន្ទាប់លើអង្គភាពនានា រួមទាំងស្ថានីយស្តុកប្រេងឆៅដែលមានមូលដ្ឋាននៅចិន និងក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យមួយ ដែលខ្លួនចោទប្រកាន់ថា ពាក់ព័ន្ធនឹងការជួញដូរប្រេង និងគីមីឥន្ធនៈខុសច្បាប់។
ទណ្ឌកម្មបន្តបន្ទាប់ គឺជាទណ្ឌកម្មដែលប្រទេសមួយដាក់លើប្រទេសទីពីរ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសទីបី ដោយរារាំងការចូលទៅកាន់ទីផ្សាររបស់ខ្លួន ហើយរឿងនេះជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់សហរដ្ឋអាមេរិក ដោយសារតែទំហំសេដ្ឋកិច្ចដ៏ធំរបស់ខ្លួន៕
ប្រភព ៖ Politico ប្រែសម្រួល ៖ ឈឹម ទីណា