មេធំ Apple ថា iPhone ផលិតនៅឥណ្ឌា នឹងនាំចេញទៅលក់នៅអាមេរិក
វ៉ាស៊ីនតោន ៖ មេធំ Apple ប្រកាសថា ទូរស័ព្ទ iPhone ភាគច្រើនដែលដាក់លក់នៅអាមេរិក នឹងនាំចេញពីឥណ្ឌា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីវិធានការដំឡើងពន្ធដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump។
នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple លោក Tim Cook និយាយថា Apple មានផែនការផ្លាស់ប្តូរការផលិតទូរស័ព្ទ iPhone ដែលលក់នៅអាមេរិកចេញពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌាវិញ។
លោក Cook បន្តថា សម្រាប់ត្រីមាសខែមិថុនា យើងរំពឹងថា ទូរស័ព្ទ iPhone ភាគច្រើន ដែលដាក់លក់នៅអាមេរិកនឹងឲ្យឥណ្ឌាធ្វើជាអ្នកផ្គត់ផ្គង់ដើមវិញ។
ចំណែកវៀតណាមនឹងក្លាយជាប្រទេសដើមរ៉ាប់រងការផលិត iPad និងផលិតផល Apple ស្ទើរតែទាំងអស់ផ្សេងទៀត ដែលដាក់លក់នៅទីផ្សារអាមេរិក។
ទោះជាយ៉ាងណា លោក Cook អះអាងថា ចិននៅតែបន្តជាប្រទេសដើម សម្រាប់ការលក់ផលិតផលភាគច្រើនរបស់ Apple នៅក្រៅអាមេរិក។
បើតាមលោក Cook បច្ចុប្បន្នយើងមិនអាចប៉ាន់ស្មានបានច្បាស់លាស់ពីផលប៉ះពាល់នៃសង្គ្រាមពន្ធគយទេ ប៉ុន្តែ Apple បានព្យាករថា ខ្លួននឹងខាត ៩០០លានដុល្លារក្នុងត្រីមាសខែមិថុនា។
លទ្ធផលអាជីវកម្ម ដែលចេញដោយក្រុមហ៊ុន Apple កាលពីថ្ងៃព្រហស្បតិ៍បង្ហាញថា ការលក់សរុបរបស់ក្រុមហ៊ុននៅក្នុងត្រីមាសពីខែមករា ដល់ខែមីនា មានចំនួនប្រហែល ៩៥,៣៦ពាន់លានដុល្លារ។
តួលេខនេះកើនឡើងប្រហែល ៥ភាគរយ បើធៀបនឹងដើមឆ្នាំមុន។ រីឯប្រាក់ចំណូលសុទ្ធមានចំនួន ២៤,៧៨ពាន់លានដុល្លារ កើនឡើងប្រហែល ៤,៨ភាគរយ បើធៀបនឹងឆ្នាំមុន។
អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ត្រូវបានគេជឿថា បានប្រញាប់ប្រញាល់ទិញ iPhone និងផលិតផលផ្សេងទៀត ចំពេលមានការព្រួយបារម្ភថា តម្លៃរបស់វាអាចនឹងកើនឡើងខ្ពស់ បន្ទាប់ពីការប្រកាសអំពីវិធានការដំឡើងពន្ធថ្មីរបស់លោកប្រធានាធិបតី ត្រាំ ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
