ឈីលីដកការព្រមានពីរលកយក្សស៊ូណាមិវិញ ក្រោយកើតមានរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ
សាន់ទីហ្គោ ៖ អាជ្ញាធរឈីលី កាលពីថ្ងៃសុក្រ បានដកការព្រមានអំពីរលកយក្សស៊ូណាមិ និងបទបញ្ជាជម្លៀសចេញវិញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥រិចទ័របានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអាមេរិកខាងត្បូងមួយនេះ។

នាយកទីភ្នាក់ងារគ្រោះមហន្តរាយរដ្ឋនៅតំបន់ Magallanes លោក Juan Carlos Andrade និយាយថា ការជម្លៀសប្រជាជនបង្ការគ្រោះថ្នាក់បានបញ្ចប់ហើយ នោះមានន័យថា មនុស្សគ្រប់គ្នាអាចធ្វើដំណើរទៅមក និងបន្តសកម្មភាពរបស់ពួកគេឡើងវិញដូចធម្មតា។

សូមរម្លឹកថា នៅឆ្នាំ១៩៦០ ភាគខាងត្បូងនៃទីក្រុង Valdivia បានរងការបំផ្លិចបំផ្លាញពីគ្រោះរញ្ជួយដីកម្រិត ៩.៥រិចទ័រ ជាកម្រិតខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា ដែលបានសម្លាប់មនុស្ស ៩.៥០០នាក់។

ដោយឡែកក្នុងឆ្នាំ២០១០ គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រភាគកណ្តាលប្រទេសឈីលី បង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបានបណ្តាលឲ្យមនុស្សជាង ៥២០នាក់បាត់បង់ជីវិត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
