រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី៧ ប្រព្រឹត្តទៅក្នុងបរិយាកាសដែលកម្ពុជារស់ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ថា ពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី៧ ប្រព្រឹត្តទៅក្នុងបរិយាកាសដែលកម្ពុជារស់ក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តពីបិតាស្ថាបនិកសន្តិភាពកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ក្នុងនោះវិស័យសារព័ត៌មាននៅកម្ពុជាក៏មានការរីកចម្រើនមានសណ្តាប់ធ្នាប់ និងលំហនៃសេរីភាព សារព័ត៌មានកាន់តែរីកធំប្រកបដោយការទទួលខុសត្រូវ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ សេរីភាពសារព័ត៌មានកាន់តែមានភាពប្រសើរឡើង។
ឯកឧត្តមបានបន្តថា ជំនួបមហាគ្រួសារអ្នកសារព័ត៌មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សនូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មាន អាជីពនិងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ទាំងអស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ មួយវិញទៀត ជំនួបនេះក៏ជាការបន្តថែរក្សាបាននូវកេរតំណែលនៃភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តថា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថា តាមរយៈការសិក្សាដោយផ្អែកលើមូលដ្ឋាន និងវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់ក្រសួងព័ត៌មាន និងតាមរយៈការផ្តល់ចម្លើយលើការស្ទង់មតិអ្នកសារព័ត៌មាន ចំនួន ៨១,៤ ភាគរយ បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាឆ្នាំ២០២៥នេះ មានភាពល្អប្រសើរខណៈ ភាពល្អប្រសើរដោយសារអ្នកសារព័ត៌មានសង្កេតលើការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មានបានល្អ ឃើញកើនឡើងការគោរពអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ រួមនឹងវិធានការទាំងឡាយក្នុងការពង្រឹងសន្តិសុខព័ត៌មាន សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាននិងសុវត្ថិភាពព័ត៌មានមានប្រសិទ្ធភាពល្អជាដើម៕
ដោយ៖ពលជ័យ



