សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ
(ភ្នំពេញ)៖ ក្នុងពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួមប្រមាណ ៥ ០០០នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងសង្គមប្រជាធិបតេយ្យ, របបសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណជន ហើយនាំយកបញ្ហាសង្គមនិងទុក្ខធុរៈរបស់ប្រជាជនមកប្រាប់រាជរដ្ឋាភិបាលវិញ ។
សម្ដេចធិបតី បានបញ្ជាក់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដោយសារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលលើនយោបាយ និងអំណាចទាំង៣ដោយឡែក។ ការពិភាក្សាវែកញែកអំពីសកម្មភាពរបស់មន្ត្រីសាធារណៈ និងស្ថាប័ននយោបាយក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងតាមដានការអនុវត្តរបស់អំណាចទាំង៣ ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាលើកស្ទួយ និងគោរពសេរីភាពសារព័ត៌មានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ។
សម្ដេចធិបតី បានថ្លែងទៀតថា បណ្តាញសង្គមដើរតួនាទីកាន់តែសំខាន់ និងបើកឱកាសឱ្យពលរដ្ឋលើកពីភាពអវិជ្ជមាននៃការអនុវត្តច្បាប់របស់មន្ត្រីគ្រប់ស្ថាប័ន ដោយក្នុងនោះ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពីករណីរបស់មហាសេដ្ឋីមួយរូបនៅអ៊ីតាលី ដែលត្រូវបានជនឆបោកប្រើប្រាស់បច្ចេកវិទ្យា AI ក្លែងជារដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បោកប្រាស់ឱ្យប្រើលុយ១លានអឺរ៉ូបានសម្រេច ហើយនេះសបញ្ជាក់ពីបញ្ហាប្រឈមខ្លាំងរបស់បច្ចេកវិទ្យា AI ដែលពង្រឹងនូវក្រមសីលធម៌របស់អ្នកបញ្ជាលើបច្ចេកវិទ្យានេះឱ្យកាន់តែម៉ឺងម៉ាត់ ។
សម្ដេចធិបតី បានបន្តថា មធ្យោបាយបច្ចេកវិទ្យា មធ្យោបាយ AI គ្រាន់តែបង្កើតនូវអំណាចនេះ (សារព័ត៌មាន) ឱ្យកាន់តែខ្លាំង កាន់តែមានឥទ្ធិពល កាន់តែលឿន និងទូលំទូលាយ។ ដូច្នេះ ការប្រើប្រាស់អំណាចនេះ ដែលធានាដោយរដ្ឋធម្មនុញ្ញនៅក្នុងការចូលរួមកសាងប្រទេស ការចូលរួមត្រួតពិនិត្យទៅលើការអនុវត្តរបស់មន្ត្រីគ្រប់ស្ថាប័នទាំង៣ ធ្វើអ្វីក៏ត្រូវឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ បើធ្វើមិនស្រួលប្រជាពលរដ្ឋអាចឆ្លុះបញ្ចាំងតាមរយៈព័ត៌មាន ។
ត្រង់នេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥឡូវការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម កាន់តែបង្កើនសិទ្ធិ និងឥទ្ធិពលរបស់ប្រជាពលរដ្ឋនៅក្នុងការឆ្លុះបញ្ចាំង និងបង្ហាញនូវចំណុចអវិជ្ជមាន ឬចំណុចឈកល្វែង កាន់តែលឿន ហើយអាចជួយយើងក្នុងការដោះស្រាយបញ្ហាកាន់តែលឿន នេះគឺជាការពិត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

