សម្ដេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយពីអ្វីល្អៗ ដែលខ្មែរមាន ឱ្យគេបានស្គាល់
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយពីអ្វីល្អៗ ដែលខ្មែរមាន ឱ្យគេបានស្គាល់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់ ។
សម្តេចធិបតី បានមានប្រសាសន៍ថា មានអ្នកសារព័ត៌មានបានផ្សព្វផ្សាយល្អពីកម្ពុជា មានអ្នកទេសចរណ៍មក ។ បងប្អូនអ្នកសារព័ត៌មានខ្លះ ធ្វើសម្ភាសន៍មានភាសាចិន ភាសាអង់គ្លេស សម្ភាសន៍អ្នកវិនិយោគ ក្នុងស្រុកផ្សព្វផ្សាយឱ្យទៅវិនិយោគិននៅក្រៅប្រទេសឃើញ ដែលនេះជាការចូលរួម មិនមែនជាកាតព្វកិច្ចផ្តាច់មុខ ឫសិទ្ធផ្តាច់មុខរបស់ រាជរដ្ឋាភិបាលនោះទេ ហើយសូមបន្តជួយទៅលើកិច្ចការងារនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចបានឃើញមានអ្នកសារព័ត៌មានជាច្រើន បានចូលរួមយកព័ត៌មាន ដើម្បីផ្សព្វផ្សាយពីប្រាសាទបុរាណខ្មែរ កន្លែងផែនេសាទ និងមានតំបន់ទេសចរណ៍ មួយចំនួននេះ ដើម្បីផ្សព្វផ្សាយល្អៗពីកម្ពុជា ដែលនេះហើយគឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទាក់ទាញអ្នកវិនិយោគ និងទាក់ទាញអ្នកទេសចរណ៍បន្ថែម ដែលនេះហើយជាសិទ្ធរបស់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ។
សម្តេចក៏បានថ្លែងអរគុណដល់បណ្តាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាផ្សេងៗ ដែលបានផ្សាយព័ត៌មានល្អៗពីកម្ពុជា ទៅឱ្យពិភពលោកបានឃើញពីកម្ពុជា ហើយសូមកុំខ្លាចថា រាល់ការផ្សាយព័ត៌មានល្អពីកម្ពុជា មិនមានអ្នកចូលមើលនោះ សូមចូលរួមផ្សាយឱ្យបានគ្រប់ៗ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កុំខ្លាចថា ព័ត៌មានប្រទេសគេល្អជាងយើង កុំឈឺក្បាលពីរឿងរបស់គេ គេធ្វើអីជារឿងរបស់គេ តែអ្វីដែលសំខាន់យើងត្រូវដាក់ទិសដៅពង្រឹងខ្លួនយើង យើងយកគោលដៅចំណុចវិជ្ជមាន ស្តង់ដាពិភពលោកមួយចំនួនដែលទំនើបជាម៉ែត្រវាស់ដើម្បីពង្រឹងខ្លួនយើង។ ប៉ុន្តែទិសដៅសំខាន់គឺត្រូវពង្រឹងប្រព័ន្ធសារព័ត៌មានរបស់ខ្មែរ ដើម្បីប្រទេសខ្មែរ មិនមែនពង្រឹង សារព័ត៌មានខ្មែរ ដើម្បីប្រទេសណានោះទេ នេះគឺជាអ្វីដែលយើងត្រូវមានមោនភាពខ្លួនឯង ពង្រឹងខ្លួនឯង ពង្រឹងជាតិយើង គ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ ហើយគ្មានពីណាជួយលើស្ទួយសារព័ត៌មានខ្មែរ ជាងកូនខ្មែរ រាជរដ្ឋាភិបាលខ្មែរ និងអ្នកសារព័ត៌មានខ្មែរនោះទេ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


