អភិបាលខេត្តកំពង់ធំ ផ្ដាំផ្ញើការងារការពារធនធានធម្មជាតិ ដល់កងកម្លាំងពាក់ព័ន្ធ

(កំពង់ធំ)៖ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរំលឹក និងជំរុញដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ឲ្យបន្តខិតខំអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់មានសុវត្ថិភាព” ដោយផ្តោតសំខាន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យបានដាច់ខាត ។

ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តមបានថ្លែងអំណរគុណចំពោះកងកម្លាំង និងអាជ្ញាធរ មូលដ្ឋានដែលបានអនុវត្តន៍ការងារយ៉ាងពលកម្ម។ បច្ចុប្បន្ន ការងារបង្ក្រាបការលួចកាប់ និងដឹកជញ្ជូនផលឈើខុសច្បាប់កំពុងបន្តចេញសកម្មភាពដោយមានការទាក់ទងសហការជាបន្តបន្ទាប់ជាមួយស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តមក៏បានចាត់ទុករដូវវស្សាខាងមុខនេះ ជាឱកាសសមរម្យសម្រាប់រៀបចំការដាំស្តារព្រៃឈើឡើងវិញលើផ្ទៃដីដែលបានដកហូតពីជនល្មើស។ អាជ្ញាធរខេត្តក៏បានដាក់ផែនការដាំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីព្រំដែនកំពង់ចាមដល់សៀមរាប ដើម្បីជាម្លប់ សោភ័ណភាព និងការកាត់បន្ថយអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានបំផុសចិត្តប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង និងសិស្សានុសិស្ស ឲ្យចូលរួមការពារ និងស្រឡាញ់ធនធានធម្មជាតិ ដើម្បីបង្កើនផលប្រយោជន៍សម្រាប់ជីវភាព និងបរិស្ថានសង្គម ៕

ដោយ​ ៖ ប៊ុន​រដ្ឋា

ads banner