បាល់ទឹកកម្ពុជាទទួលបានសិទ្ធិផលថ្មីមួយទៀត ក្រោយចាញ់​សឹង្ហបុរីក្នុងជំនួបមិត្តភាពដកស្រងបច្ចេកទេស

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមបាល់ទឹកកម្ពុជា ត្រូវបានអគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹល លោក ហែម គិរី វាយតម្លៃថា ទទួលបានសិទ្ធិផលថ្មី​មួយទៀត គឺការអភិវឌ្ឍសមត្ថភាពខ្លាំងជាងមុន ក្រោយចាញ់ប្រទេស​សឹង្ហបុរី ក្នុងជំនួបមិត្តភាពដកស្រងបច្ចេកទេស ដោយលទ្ធផលបច្ចេក​ទេសប្រដមប្រសងគ្នា ខណៈក្រុមប្រទេសសឹង្ហបុរីជាម្ចាស់​មេដាយ​មាស​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការ ខាងលើ បានបញ្ជាក់ថា លទ្ធផលក្នុងជំនួបមិត្តភាព អាចសរបញ្ជាក់ឱ្យឃើញថា ក្រុមបាល់ទឹកកម្ពុជាមានការរីកចម្រើន​ខ្លាំងជាងមុន ដ្បិតការជួបគ្នាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ ក្រុមបាល់ទឹកកម្ពុជាចាញ់ក្រុមបាល់ទឹកប្រទេស​សឹង្ហ​បុរីរហូតជាង៣០ពិន្ទុឯណោះ។

អគ្គលេខាធិការរូបនេះ ក៏បានពន្យល់ទៀតថា ការចាញ់ប្រដមប្រសង​ជាមួយប្រទេសខ្លាំងបែបនេះ បានសរបញ្ជាក់ឱ្យឃើញថា ការខិតខំ​ហ្វឹក​ហាត់ជាប្រចាំរបស់ក្រុមបាល់ទឹកក្រោមការគាំទ្ររបស់ប្រធាន​សហព័ន្ធ ឯកឧកឧត្តម ស៊ុន ចាន់ថុល ទទួលបានផលផ្លែផ្កា មានក្តី​សង្ឈឹមក្នុងការប្រជែងយកលទ្ធផលល្អជូនកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ។ទន្ទឹមជាមួយនេះ សហព័ន្ធខ្មែរកីឡា​ហែលទឹក គ្រោងបង្កើតជើងឯកថ្នាក់ជាតិមួយក្នុងឆ្នាំ២០២៥ ដោយតម្រូវឱ្យក្លឹបចង់ចូលរួមប្រកួតចម្រាញ់តាមក្លឹប បន្ទាប់មក​សហព័ន្ធចម្រាញ់យក៤ក្រុមមកប្រកួតក្នុងជើងឯកថ្នាក់ជាតិ ដើម្បីស្វែងរកក្រុមបាល់ទឹកល្អៗយកមកដុសខាតសមត្ថភាពត្រៀមការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។

ជាមួយគ្នានេះ លោក អគ្គលេខាធិការ ក៏បានបង្ហើបអំពីគម្រោងមួយ​មួយ​ចំនួន​ក្នុងការបន្ថែមបទពិសោធជូនកីឡាករបាល់ទឹកកម្ពុជា តាម​រយៈដឹកនាំក្រុមចេញទៅប្រទេសលក្ខណៈមិត្តភាពជាមួយក្រុមបាល់ទឹកក្នុងតំបន់អាស៊ាន ដូចជា ប្រទេសថៃ និងម៉ាឡេស៊ីក្នុង​ឆ្នាំ២០២៥​នេះ​ផងដែរ ។

លោក បន្ថែមទៀត តាមរយៈការខិតខំប្រឹងប្រែង ក្រោមការគាំទ្រ​យ៉ាង​ពេញទំហឹង ពីប្រធានសហព័ន្ធខ្មែរកីឡាហែល ក្រុមបាល់ទឹក​កម្ពុជា ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសថៃ នឹងអាច​ស្វែង​រកលទ្ធផល្អជូនកម្ពុជា ដូចជាវិញ្ញាសាហែលទឹក​ពាក់​ជើងទាដែរ ចូលមកក្រោយគេតែទទួលបានលទ្ធផលល្អក្នុងការ​ប្រកួតអន្តរជាតិ។

គួរឱ្យដឹងដែរថា ប្រទេសក្នុងតំបន់អាស៊ាន ប្រទេសដែលមាន​ក្រុម​បាល់ទឹកទើបតែមាន៦ប្រទេសប៉ុណ្ណោះ ក្នុងនោះមាន ប្រទេស​សឹង្ហ​បុរី ថៃ ម៉ាឡេស៊ី ឥណ្តូនេស៊ី ហ្វីលីពីន និងកម្ពុជា ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner