រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ អ្នករើសសំរាមចេញពីដងផ្លូវជាតិចំនួន ១០ម៉ឺន​នាក់នៅទូទាំងប្រទេសក្នុងថ្ងៃចុងសប្តាហ៍នេះ បានបង្ហាញ​ពីសាមគ្គី​ភាពដ៏ល្អប្រពៃ ដើម្បីសម្អាតផ្ទះរបស់យើងទាំងអស់គ្នា ឱ្យមានភាពស្អាតរហូតតទៅ

(ភ្នំពេញ) ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥ ថា «តាមទីសាធារណៈ ក្នុងថ្ងៃចុងសប្តាហ៍នេះ សិស្សនុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ តាជី យាយជី ក្រុមយុវជន អ្នកស្រឡាញ់បរិស្ថាន សមាគម អង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន ដៃគូសហការពាក់ព័ន្ធ និងប្រជាពលរដ្ឋ ប្រមាណ១០ម៉ឺននាក់ ដែលចេញមករើសសំរាម រើសថង់ប្លាស្ទិកចេញពីផ្លូវជាតិ នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ចាត់ទុកថា សកម្មភាពចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន សមាគម អង្គការសង្គមស៊ីវិល អ្នកកាន់សាសនា និងប្រជាពលរដ្ឋ ដើម្បីសម្អាតកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា ឱ្យមានភាពស្អាត អស់សំរាមប្លាស្ទិកតាមផ្លូវ និងតាមទីសាធារណៈ រហូតតទៅ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរអរ​គុណអ្នកចូលរួមទាំងអស់ ទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ដែល​ចេញ​រើសសំរាមនិងសំណល់ប្លាស្ទិក ព្រមទាំងរៀបចំ ទុកដាក់ឱ្យ​បានត្រឹមត្រូវ ក្នុងបុព្វហេតុការពារសុខភាពសាធារណៈ ទប់ស្កាត់​ប្រភពបង្ករមេរោគ និងការចូលរួមបង្កើនសោភ័ណភាព នៅតាមមូល​ដ្ឋាន ទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគ និងជំរុញ​កំណើន​សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់​កម្ពុជា«ស្អាត» នៅលើសកលលោកផងដែរ។

ត្រង់ចំណុចនេះឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តជំរុញឱ្យអ្នក​ពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាព នៃយុទ្ធនាការ​របស់ក្រសួងបរិស្ថាន ដែលក្នុងនោះចូលរួមសម្អាតផ្លូវជាតិ ឱ្យបានស្អាត នៅក្នុងឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» លើដងផ្លូវជាតិទូទាំងប្រទេស។ តាមរយៈនេះ នៅលើដងផ្លូវជាតិមួយចំនួន ដែលចេញពីរាជធានីភ្នំពេញទៅ ខេត្តនានា ដែលអតីតកាលធ្លាប់តែសំរាម ជាពិសេសថង់ប្លាស្ទិកហើរតាមផ្លូវ តែបច្ចុប្បន្ននេះប្រែជាមានអនាម័យជាបណ្តើរៗ គ្មានសំរាមនិងសំណល់ប្លាស្ទិករាយប៉ាយឡើយ។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងបរិស្ថាន បានដាក់​ចេញនូវ​​យុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ បានកំណត់លើភាពស្អាត គឺកម្ពុជាជំរុញឱ្យមានភាពស្អាតលើដី ភាពស្អាតលើផ្ទៃទឹក និងភាពស្អាតលើផ្ទៃមេឃ។

ដើម្បីភាពស្អាតនៅលើដី ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធ​នា​ការចំនួន៣ ជាបន្តបន្ទាប់ ដើម្បីសម្អាត និងកាត់បន្ថយសំរាមនិង​សំណល់ប្លាស្ទិក ក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន យុទ្ធនា​ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមចំនួន ១១លាននាក់ ដែលបានប្ដេជ្ញាមិនប្រើថង់ប្លាស្ទិក យ៉ាងតិចចំនួន១ថ្ងៃ ក្នុង១សប្តាហ៍។ ទី២ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមចំនួន៦លាននាក់ ដែលបានអនុវត្តសកម្មភាពរើស និងប្រមូលទុកដាក់សំរាមនិងសំណល់ប្លាស្ទិក តាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងតាមដងផ្លូវនានា។

និងទី៣ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិស្អាត គ្មាន​សំរាម​និងសំណល់ប្លាស្ទិក» បានកំពុងទទួលបានការគាំទ្រនិងការ​ចូលរួម ពីមហាជនយ៉ាងច្រើន ជារៀងរាល់ថ្ងៃ ជាពិសេសក្នុងថ្ងៃចុង​សប្តាហ៍ ដែលលទ្ធផល រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ បានអនុវត្តសម្អាតផ្លូវជាតិ ៥០ខ្សែ ស្មើនឹងផ្លូវប្រវែង ៣ ១៩៣,៤គ.ម នៅតាម ឃុំ/សង្កាត់ចំនួន ៧០៧ ឃុំ-សង្កាត់ និង​បាន​ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក នៅតាមដងផ្លូវ បាន​​ចំនួន​ប្រមាណ ៥២០តោន ៕

ដោយ ៖ ង៉ាន់ ទិត្យ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner