ការជួបជុំគ្នាដើម្បីប្រកួតកីឡាក្នុងកម្រិតបឋមសិក្សាគឺមិនផ្តោតសំខាន់ទៅលើការឈ្នះចាញ់នោះទេ គឺផ្តោតទៅលើមិត្តភាព សាមគ្គីភាព

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងលើកឡើង ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋម​សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នាល្ងាចថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៥ថា រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ដល់សុខភាពសិក្សារបស់ប្អូនៗសិស្សានុសិស្ស ដោយដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើនដើម្បី​ឱ្យសាលារៀនមានបរិយាកាសល្អ បរិស្ថានល្អ អនាម័យល្អ ម្ហូបអាហារ ភេសជ្ជៈធានាអនាម័យល្អ និងមានកម្មវិធីអប់រំកាយនិងកីឡា ដើម្បីពង្រឹងសមត្ថភាពរាងកាយរឹងមាំ កាត់បន្ថយបន្ទុក​ស្ត្រេសអវិជ្ជមាន​ក្នុងការសិក្សា បង្កើនគុណភាពជីវិតឱ្យប្អូនៗសិស្សា​នុសិស្ស​ទទួលបាននូវសុខភាពល្អផង បញ្ហាស្មារតីរឹងមាំក្នុង​ការសិក្សា​ផង។

ជារៀងរាល់ឆ្នាំប្អូនៗ​សិស្សានុសិស្សបឋមសិក្សាតែងទទួលបាន​ឱកាសមកជួបជុំគ្នាប្រកួតកីឡា ទន្ទឹមនឹងនោះក៏ជាឱកាសស្វែងរក​មិត្តភាព ការរាប់អានគ្នា ការយល់ចិត្តគ្នាទៅវិញទៅមក និងបង្កភាព​សប្បាយរីករាយជាមហាគ្រួសារយុវវ័យ ហើយក៏ជាឱកាស​នៃការ​ផ្លាស់​ប្តូរ​មតិយោបល់លើការសិក្សារបស់ខ្លួនផងដែរ។

ការជួបជុំគ្នាដើម្បីប្រកួតកីឡាក្នុងកម្រិតបឋមសិក្សាគឺមិនផ្តោតសំខាន់ទៅលើការឈ្នះចាញ់នោះទេ គឺផ្តោតទៅលើមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ស្រលាញ់គ្នា និងបង្កើនសុខភាពល្អបរិបូរណ៍ដើម្បី​ជំរុញសុខភាពសិក្សារបស់ប្អូនៗឱ្យទទួលបានជោគជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ការធ្វើសកម្មភាពអប់រំកាយនិងកីឡាជាប្រចាំនិងទៀងទាត់ ក្រៅពីទទួលបានសុខភាពល្អ បញ្ញាស្មារតីរឹងមាំ គឺអាចឱ្យប្អូនៗមានទម្លាប់កំណត់វិន័យខ្លួនឯង ចេះសម្រេចចិត្តខ្លួនឯង ចេះទទួលខុសត្រូវខ្លួនឯង ចេះកំណត់គោលដៅខ្លួនឯង ពិសេសចេះមានភាពអត់ធ្មត់ មិនបោះបង់ការតស៊ូព្យាយាម ពោលគឺឈ្នះលើខ្លួនឯង។ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនក្នុងអំឡុងពេលប្រកួតដូចខាងក្រោម៖

១. សូមគណៈកម្មការរៀបចំការប្រកួតពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការស្នាក់នៅ ហូបចុក ដឹកជញ្ជូន ដែលជា​សេវាចាំបាច់និងសំខាន់ដើម្បីធានាឱ្យប្អូនៗមានសុវត្ថិភាព សុខភាព​ល្អ និងភាពកក់ក្តៅអំឡុងពេលប្រកួត ពីព្រោះប្អូនៗ​នៅកម្រិតបឋម​សិក្សា នៅជាកុមារតូចនៅឡើយ។

២. សូមប្រធានប្រតិភូ លោកគ្រូ អ្នកគ្រូ ជួយដឹកនាំ ថែទាំ និងសង្កេតតាមដានសុខភាពប្អូនៗជាប្រចាំ និងដាក់វិន័យក្នុងការដើរហើរ ការគេង និងការចូលរួមប្រកួតកីឡាឱ្យបានម្មត់ចត់ ដើម្បីបង្កលក្ខណៈឱ្យប្អូនៗចេះគោរពក្រុម និងធ្វើការជាក្រុមបានល្អប្រសើរអំឡុងពេលប្រកួត។

៣. សូមលោកគ្រូ អ្នកគ្រូ ប្អូនៗកីឡាករ កីឡាការិនី គោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាបច្ចេកទេសកីឡា និងបទបញ្ជាការប្រកួត ជៀសវាងទំនាស់ ឬ បង្កជាសកម្មភាពហឹង្សាក្នុងទីលានប្រកួត ធ្វើឱ្យខូចបរិយាកាសនៃការប្រកួត។

៤. ប្អូនៗត្រូវជឿជាក់លើខ្លួនឯង លើសុខភាពខ្លួនឯងនៅអំឡុងពេលមុនចូលរួមប្រកួត បើមានបញ្ហាសុខភាពត្រូវប្រាប់លោកគ្រូ អ្នកគ្រូ ឬ រកសេវាពិនិត្យ សង្គ្រោះព្យាបាលបឋមភ្លាម កុំចូលរួមប្រកួតទាំងឈឺ ហើយជៀសវាងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងពេលប្រកួត។
៥. សូមឱ្យការប្រកួតនេះបង្កើតនូវអនុស្សាវរីយ៍ល្អៗ ការចងចាំល្អៗ និងការលើកទឹកចិត្ត ជំរុញទឹកចិត្តខ្លាំងក្លាដល់ប្អូនៗសិស្សានុសិស្ស ដើម្បីបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យទទួលបានជោគជ័យ។

បើតាមរបាយការណ៍ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនា​យក​ដ្ឋានកីឡា សមាជិកអចិន្ត្រៃយ៍គណៈកម្មការទទួលបន្ទុក​រួមបាន​ឱ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នេះ មានប្រតិភូកីឡា សរុបចំនួន ៣ ០២៦ នាក់ អញ្ជើញមកពី​រាជធានី ខេត្តទាំង២៥ ដែលដំណើរការលើ ១៣ ប្រភេទកីឡា និង៦៨ វិញ្ញាសា ធ្វើការប្រកួតលើ៨ទីតាំង ក្នុងនោះដំណើរការពី​ថ្ងៃទី២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner