ប្រាសាទក្រហម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុល
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះថា នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទក្រហម ក្រោមការគាំទ្រថវិការបស់អង្គការ ALIPH នៃប្រទេសស្វីស។ គម្រោងនេះមានរយៈពេល៣ឆ្នាំ(២០២៥-២០២៨) ដោយអនុវត្តការងារអភិរក្ស និងជួសជុលដូចជា សម្អាតដីចាក់បង្គរ ជួសជុលរចនាសម្ព័ន្ធប្រាសាទទាំងមូលដោយគោរពតាមបទដ្ឋានអន្តរជាតិ និងថែរក្សាគំនូរពណ៌នៅផ្នែកខាងក្នុង និងបាយអនៅលើផ្ទៃជញ្ជាំងខាងក្រៅ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ និងភាពដើមរបស់សំណង់ប្រាសាទនេះ ទុកសម្រាប់អ្នកជំនាញក្រោយ។

សូមជម្រាបថា ប្រាសាទក្រហមមានបាតប្រវែង១២ម៉ែត្របួនជ្រុង និងកម្ពស់១៧ម៉ែត្រ ជាប្រាសាទឥដ្ឋធំជាងគេក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ ប្រាសាទនេះតម្កល់បដិមាព្រះឥសូររាំសង់អំពីថ្មភក់ កម្ពស់ប្រហែល៦ម៉ែត្រតម្កល់លើបល្ល័ង្ក មានលម្អរូបពស់ព័ទ្ធជុំវិញ រួមទាំងសត្វតោឈរចំនួន៨នៅតាមជ្រុងនីមួយៗ។

ដោយឡែកនៅជុំវិញបល្ល័ង្កក៏មានបដិមាចំនួន៤ផ្សេងទៀតដូចជា បដិមាព្រះនាងឧម៉ារាំ នាងចាមុនដា មហាកាល និងនន្ទិកេស្វរ។ បច្ចុប្បន្ន ប្រាសាទនេះបានរងការខូចខាតដោយសារការទុកចោលជាយូរឆ្នាំ កត្តាធម្មជាតិ និងកត្តាមនុស្ស តាមរយៈការការបំផ្ទុះគ្រាប់ និងជីកកាយដើម្បីលួចវត្ថុបុរណ ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទពុំមានលំនឹង មានស្នាមប្រេះបែកនៅលើផ្ទៃជញ្ជាំង ឥដ្ឋដាច់សសៃរ ពុកផុយ ជម្រាបទឹកភ្លៀង និងមានដុះរុក្ខជាតិនៅលើប្រាង្គ។

អាជ្ញាធរជាតិព្រះវិហារក៏បានថ្លែងអំណរដល់ ALIPH នៃប្រទេសស្វីសចំពោះការគាំទ្រផ្នែកថវិកាលើកិច្ចការអភិរក្ស និងជួសជុលប្រាសាទនេះ ដើម្បីរក្សាកេរមត៌កសម្រាប់អ្នកជំនាន់ក្រោយ។

គប្បីជម្រាបជូនថា វេលាម៉ោង៤ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោកសម្រេចធ្វើការចុះបញ្ជីដាក់បញ្ចូលប្រសាទកោះកេរដាក់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភលោកនៃអង្គការយូណេស្កនៅ ក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។
ប្រាសាទកោះកេរ ជារមណីយដ្ឋានបុរាណវិទ្យាដាច់ស្រយាលមួយនៅភាគខាងជើងនៃប្រទេសកម្ពុជា ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីខេត្តសៀមរាប និងជារាជធានីបុរាណនៃអាណាចក្រខ្មែរ ។
ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ទីតាំងប្រជុំប្រាសាទកោះកេរ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕
ដោយ៖មុនី
