មន្ទីរបរិស្ថាន ខេត្តមណ្ឌលគីរី បដិសេធចំពោះការផ្សាយរបស់ សារព័ត៌មាន មួយចំនួន ពីករណីសមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេច
(ភ្នំពេញ)៖ មន្ទីរបរិស្ថាន ខេត្ត មណ្ឌលគីរី នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០២៥បានចេញសេចក្តីបំភ្លឺជុំវិញសារព័ត៌មានមួយចំនួន ដោយបានបញ្ជាក់ថា កំពុងបានធ្វើការ ផ្សព្វផ្សាយព័ត៌មានមិនពិត នាំឱ្យសាធារណជនមានការភាន់ច្រឡំ ករណីសមត្ថកិច្ចរឹបអូសឈើ ជន្លង់ ម្រេច ក្នុងខេត្តមណ្ឌលគិរី នាពេលថ្មីៗកន្លងមក។
ក្នុងសេចក្តីបំភ្លឺនេះមន្ទីរបរិស្ថាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា បន្ទាប់ពីមន្ត្រីអនុវត្តច្បាប់ បានស្រាវជ្រាវយ៉ាងដិតដល់ ចំពោះបទល្មើសធនធានធម្មជាតិ មុននឹងធ្វើការរឹប អូសឈើជន្លង់ម្រេច ដែលជាឈើអារប្រភេទលេខ១ (ផឹ្ចក) ត្រូវបានដឹកជញ្ជូនចេញពីព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ នៅក្នុងស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី។ ចំពោះករណីនេះ សមត្ថកិច្ចបានអនុវត្តតួនាទី និងភារកិច្ច ធ្វើការអនុវត្តវិធានការច្បាប់ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធាន ធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្តផ្ទុយនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា ៨៥០ ដែលបានកំណត់ត្រូវផ្តន្ទាទោស អ្នកប្រព្រឹត្តដាក់ពន្ធធានាគារ ពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០០ លាន ដល់ ៥០០ លានរៀល។
ជាមួយគ្នានេះមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានធ្វើការបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលស្រង់សំដីពីបុគ្គល អ្នកដាំម្រេចឈ្មោះ សឿន នឿន ក្នុងភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តែម្ខាង មិនបានឆ្លុះបញ្ចាំងការពិតជាក់ស្តែង ហើយបានធ្វើឱ្យសាធារណជន មាន ការភាន់ច្រឡំ ចំពោះសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ដែលកំពុងខិតខំបំពេញ តួនាទីនិងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។
មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានស្នើឱ្យសារព័ត៌មានខាងលើ ធ្វើការផ្សព្វផ្សាយព័ត៌មានពិត គោរព ក្រមវិជ្ជាជីវៈអ្នកសារព័ត៌មាន និងគោរពច្បាប់ជាធរមាន៕
ដោយ៖ម៉ាដេប៉ូ
