ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន ២ គឺ រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា៖ ការបង្ការជំងឺមហារីក ត្រូវមានការចូលរួម ពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ ទី១ រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយ និងបង្កលក្ខណៈក្នុងការបង្ការជំងឺមហារីក និងទី២ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺនេះតាមរយៈការលេងកីឡា និងទទួលទានអាហារឱ្យបានល្អ និងត្រឹមត្រូវ។
សម្ដេចធិបតី បន្តថា ក្រសួងស្ថាប័នជំនាញ មានដូចជា៖ ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកគយ និងរដ្ឋាករ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ ការនាំចូលសាច់ខូចគុណភាពដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ, ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអប់រំ, ណែនាំ ដល់សិស្សានុសិស្ស និងអ្នកលក់ដូរនៅតាមសាលារៀន អំពីហានិភ័យ និងការបង្ការអំពីជំងឺមហារីក។
អាជ្ញាធរត្រូវរៀបចំបរិស្ថានអំណោយផល ដល់ការហាត់ប្រាណ និងលេងកីឡារបស់ប្រជាពលរដ្ឋ។ ចំណែកប្រជាពលរដ្ឋអាចចូលរួមបង្ការជំងឺមហារីកតាមរយៈការហាត់ប្រាណ, ការលេងកីឡា និង ការពិនិត្យសុខភាព ជាប់ជាប្រចាំ រួមទាំងការទទួលទានតែអាហារណា ដែលមានគុណភាពល្អមិនប៉ះពាល់ដល់សុខភាព និងតមអាហារណាមិនចាំបាច់ និងប៉ះពាល់សុខភាព រួមទាំងការមិនទទួលទានបារីគ្រប់ប្រភេទ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពមមន្ទីរពេទ្យដែលមានឯកទេសក្នុងការព្យាបាលជំងឺមហារីក ដើម្បីព្យាបាលប្រជាពលរដ្ឋដែលមានជំងឺមហារីក ព្រោះការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។
សម្ដេចបន្ថែមថា សុខភាពរបស់ប្រជាពលរដ្ឋ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅពេលដែលសុខភាពមិនល្អ នឹងក្លាយទៅជាបន្ទុកសម្រាប់រដ្ឋ ហេតុនេះត្រូវចូលរួមទាំងអស់គ្នា ទាំងការបង្ការ, ការអប់រំ និងការព្យាបាលឱ្យបានទាន់ពេល ហើយជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ព្រោះ សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាសុខភាពប្រជាជនបានល្អ ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ