សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៧ចំណុច គាំទ្រដល់ការបង្ការ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ ៧ចំណុច គាំទ្រដល់ការបង្ការ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ ។
អនុសាសន៍ចំនួន ៧ចំណុច របស់សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី រួមមាន៖ ទី១. ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង, សម្របសម្រួល និង អនុវត្ត ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល ។ ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានជាក់លាក់ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលគ្រប់កម្រិត,ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើរោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។ ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិតទាំងជំនាញវេជ្ជសាស្រ្ត និង ជំនាញវិជ្ជាជីវៈអមសុខភាពដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ទី៤. ក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក ។ ទី៥. ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល,សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្តប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។ ទី៦. អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត និង ទី៧. សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះ តាមរយៈការស្វែងយល់កត្តាហានិភ័យ និង ធ្វើការផ្លាស់ប្តូរឥរិយាបថដែលប្រឈម នឹងការកើតជំងឺមហារីក ៕








អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ