ប្រហុកសៀមរាប កែច្នៃតាមបែបប្រពៃណី ត្រូវបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុក សៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មបានឱ្យដឹងថា នេះជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើក កម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាង ជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាល ជលផល និងក្រសួងពាណិជ្ជកម្ម។
គួរបញ្ជាក់ថាទិវាកម្មសិទ្ធិបញ្ញា គឺមានការអានសារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរទិវាកម្ម សិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ។
លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅកម្ពុជា ដែលជាឧបករណ៍សម្រាប់ជំរុញពាណិជ្ជកម្ម ឱ្យមាននិរន្តរភាព និងការ អភិវឌ្ឍជនបទ។
លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាបជា ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់ទ្រព្យសម្បត្តិ វប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ។ សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាការការពារ ចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ទាំងក្នុង និង ក្រៅប្រទេស។
សហភាពអឺរ៉ុបក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) សម្រាប់ការអភិវឌ្ឍជនបទ និងលើកកម្ពស់សេដ្ឋកិច្ច។
ឯកឧត្តម Igor Driesmans បានលើកឡើងថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) គឺជា ឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្តល់អំណាចដល់ផលិតកករខ្នាតតូចក្នុងការអភិរក្សប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រង ធនធានប្រកបដោយទំនួលខុសត្រូវ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព”។
ឯកឧត្តម បានបន្ថែម ទៀតថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាង ៣៥០០ ហើយ EU បានគាំទ្រការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កម្ពុជា ជាងមួយទសវត្សន៍មកហើយតាម រយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ កិច្ចខិតខំប្រឹងប្រែងរបស់ EU ផ្តោតទៅលើច្រវាក់តម្លៃជលផលប្រកបដោយ និរន្តរភាព និងស្តង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុង ស្រុក។»
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា៖ «ប្រហុកសៀមរាប គឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណីនិងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និង ជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា”។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់បន្ថែមថា៖ «ក្រសួងប្តេជ្ញាពង្រឹងវិស័យនេះ តាមរយៈការកែលម្អខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០។ ការប្តេជ្ញាចិត្តនេះ នឹងជួយបង្កើនឱកាសទីផ្សារសម្រាប់អ្នកផលិត និងផ្តល់ជូនអ្នកបរិភោគនូវផលិតផលដែលគុណភាព និង រសជាតិដើមពិតប្រាកដរបស់ខ្មែរ”។
ប្រហុកសៀមរាប គឺជាការអបអរសាទរដ៏សំខាន់នៃប្រពៃណីម្ហូបអាហារជាតិកម្ពុជា ដែលមានប្រភពដើមពីសម័យ អាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿងផ្សំក្នុងស្រុកប្រកបដោយឱជារស។ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រហុកសៀមរាប នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក ដែលអាចជួយលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើទីផ្សារពិភពលោក និងជួយឱ្យពិភពលោកទទួលស្គាល់នូវមរតកម្ហូបអាហារដ៏សម្បូរបែបរបស់ខ្មែរ៕


ដោយ ៖ ម៉ាដេប៉ូ