ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជារយៈពេលពីរថ្ងៃ បិទបញ្ចប់ដោយជោគជ័យ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ១០ម៉ឺននាក់

(ជប៉ុន)៖ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជារយៈពេលពីរថ្ងៃ បិទបញ្ចប់ដោយជោគជ័យ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ ១០ម៉ឺននាក់ ដែលពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មការពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) បានអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា នៅឧទ្យានយ៉ូយ៉ូហ្កិផាក (Yoyogi Park) នាទីក្រុងតូក្យូ នាល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា តាមការសង្កេតឃើញរបស់គណៈកម្មាធិការរៀបចំកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ដែលមានរយៈពេលចាប់ពីថ្ងៃទី៣-៤ ខែឧសភា មានភ្ញៀវជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជា ១០ម៉ឺននាក់ មកចូលរួមទស្សនាការដាក់តាំងបង្ហាញផលិតផលខ្មែរ មុខម្ហូបខ្មែរ ការសម្តែងសិល្បៈចម្រុះ ចម្រៀងបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្ត ដែលសម្តែងដោយក្រុមសិល្បៈអញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហគមន៍ខ្មែរ សមាគមនិស្សិតខ្មែររៀននៅជប៉ុន កុមារាកុមារីខ្មែរនៅជប៉ុននិងជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរ ផងដែរ។

ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិកគណ:កម្មការពិព័រណ៍កម្ពុជាគ្រប់ផ្នែកទាំងអស់ អ្នកឧបត្ថម្ភ សហគមន៍ខ្មែរ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន ក្រុមសម្តែងសិល្បះ និងអ្នកស្ម័គ្រចិត្តដែរបានចូលរួម និងញាំងព្រឹត្តិការណ៍នេះបិទបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ អធិកអធម និងស្និទ្ធស្នាលបំផុត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner