ឧទ្ទាម ហ៊ូធី ប្តេជ្ញាវាយប្រហារព្រលានយន្តហោះអ៊ីស្រាអែល
បរទេស ៖ ក្រុមឧទ្ទាម ហ៊ូធី នៅប្រទេសយេម៉ែន បានសន្យាបង្កើនការវាយប្រហារថ្មីៗ បន្ថែមទៀត លើអាកាសយានដ្ឋាន របស់ប្រទេសអ៊ីស្រាអែល។
ក្រុម Huthis បានប្តេជ្ញាថា នឹងធ្វើការវាយប្រហារ ដោយមីស៊ីល ថ្មីៗ ទៅលើចំណតអាកាសដ្ឋាន របស់ប្រទេសអ៊ីស្រាអែល ក្រោយពេលដែលក្រុមឧទ្ទាមមួយនេះ ទើបបានវាយប្រហារ នៅជិតអាកាសយានដ្ឋានសំខាន់របស់ប្រទេសអីស្រាអែល កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្ស៦នាក់ រងរបួស។
កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសយេម៉ែននឹងកំណត់គោលដៅ អាកាសយានដ្ឋាន ជាពិសេស ទីក្រុង Lod នៅជិតទីក្រុង Tel Aviv នេះបើតាមអ្នកនាំពាក្យយោធា របស់ក្រុម Huthi គឺ លោក Yayha Saree ដែលបាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ។ ការគំរាមនេះ បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍នានា សម្រេចចិត្ត លុបចោលជើងហោះហើរ នៅប្រទេសអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថា នឹងឆ្លើយតប ជាច្រើនដំណាក់កាល ចំពោះក្រុមឧទ្ទាម Huthi របស់ប្រទេសយេម៉ែន។ ការវាយប្រហារនេះ បានកើតឡើង តែប៉ុន្មានម៉ោង បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានបញ្ជាក់ពីពង្រីកសង្រ្គាម នៅក្នុងតំបន់ហ្គាហ្សា ដែលបានអូសបន្លាយ រយៈពេល១៩ខែ មកហើយនោះ។ ឧទ្ទាម Huthi របស់ប្រទេសយេម៉ែន តែងតែប្រកាសគាំទ្រប៉ាឡេស្ទីន ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល ហាម៉ាស់-ប៉ាឡេស្ទីន ហើយបានបង្កការវាយប្រហារលើនាវា នៅសមុទ្រក្រហម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត