បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ គឺពិតជាមានសារៈសំខាន់ក្នុងការអនុវត្តនៅតួនាទីការទូតសភា

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋឥណ្ឌូណេស៊ី ក៏ដូចជាទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តនៅតួនាទីការទូតសភា ដែលសម្តេចបានលើកឡើងតាំងពីដើមអាណត្តិដែលលោកកាន់តំណែងជាប្រធានព្រឹទ្ធសភា គឺបានផ្តល់អាទិភាពសំខាន់ទៅលើការងារការទូតសភា។ ហើយនេះ គឺជាឱកាសដែលកម្ពុជាតាមរយៈការទូតសភាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺកម្ពុជាមានកាលាអនុវត្តភាពក្នុងការពង្រឹងនៅទំនាក់ទំនងការទូតទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងឥណ្ឌូនេស៊ី ក៏ដូចជារវាងព្រះរាជាណាចក្រកម្ពុជា និងទីម័រឡេស្តេ ហើយក៏ជាឱកាសដែលយើងអាចជជែកពិភាក្សាគ្នាក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយនឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

បណ្ឌិត គិន ភា បានបន្តថា សម្តេចតេជោនឹងប្រើប្រាស់ឱកាសនេះ ដើម្បីជជែកជាមួយសមភាគីក៏ដូចជាតួអង្គពាក់ព័ន្ធនៅក្នុងប្រទេសទាំងពីរ (ឥណ្ឌូនេស៊ី និងទីម័រឡេស្តេ) ដើម្បីចែករំលែកទស្សនពាក់ព័ន្ធជាមួយនឹងបញ្ហាតំបន់ ក៏ដូចជាបញ្ហាពិភពលោក ហើយអ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ សម្តេចនឹងបានចែករំលែកនៅបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចក្នុងការដឹកនាំប្រទេសកម្ពុជារយៈពេល៤សតវត្សកន្លងមកនេះ។ ជាពិសេសបំផុត គឺបទពិសោធន៍នៃការកសាងសន្តិភាព និងការអភិវឌ្ឍ។ ដូចដែលយើងបានដឹងហើយថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍតាំងពីកម្ពុជាមិនមានអ្វីសោះ គឺបានចេញដំណើរពីចំណុចក្រោមសូន្យក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតដល់រក្សាបាននៅសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដែលនេះ គឺជាបទពិសោធន៍ គឺជាមេរៀងដ៏ឧត្តុង្គឧត្តមថ្លៃថ្លាដែលសម្តេចតេជោជាស្ថាបនិកជាអគ្គមគ្គុទ្ទេសឯក នៃនយោបាយឈ្នះ ឈ្នះ ក្នុងការនាំមកនៅសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា លោកអាចចែករំលែក។ ត្បិតស្ថានភាពនៅក្នុងតំបន់ក៏ដូចជាពិភពលោកនៅពេលបចច្ចុប្បន្ននេះ គឺកំពុងតែប្រឈមជាមួយនឹងហានិភ័យនៃជម្លោះប្រដាប់អាវុធ សង្គ្រាម ការបង្ហូរឈាម និងបញ្ហាសេដ្ឋកិច្ច បញ្ហាប្រឈមស្មុគស្មាញដែលជាបញ្ញាសន្តិសុខមិនមែនប្រពៃណី ដែលចាំបាច់ទាមទារឱ្យបណ្តាប្រទេសទាំងអស់ទាំងក្នុងក្របខណ្ឌតំបន់ ក៏ដូចជាពិភពលោក រួមគ្នាក្នុងការដោះស្រាយជាមួយគ្នា។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា ការចែករំលែកបទពិសោធន៍របស់សម្តេចតេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់។ កម្ពុជាពីប្រទេសដែលធ្លាប់តែឯកោ ដែលត្រូវបានហ៊ុមព័ន្ធទាំងនយោបាយ និងសេដ្ឋកិច្ចក្លាយទៅជាប្រទេសដែលមានសមាហរណកម្មយ៉ាងរស់រវើកនៅក្នុងនម្មាបនកម្មតំបន់ ក៏ដូជានម្មាបនកម្មសកល។ យើងបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមក្របខណ្ឌ នៃអង្គការសហប្រជាជាតិ ការងារមនុស្សធម៌ ហើយជាពិសេសការងារដោះមីន ដែលកម្ពុជាធ្លាប់ជាប្រទេសតងគ្រោះសារមីន។ ឥឡូវនេះបានក្លាយជាប្រទេសមួយឈានមុខគេនៅក្នុងពិភពលោកក្នុងការចូលរួមក្នុងប្រតិបត្តិការនៃការបោសសំអាតមីន ផ្តល់នៅការបណ្តុះបណ្តាល ការហ្វឹកហ្វឺនដល់បណ្តាប្រទេសផ្សេងៗទៀតដែលកំពុងតែជួបប្រទះនៅគ្រោះថ្នាក់ដោយសារមីន។

បណ្ឌិត គិន ភា បានបញ្ជាក់ក់ថា ទន្ទឹមនឹងនោះដែរ យើងក៏បានរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ នៅក្នុងតំបន់ និងពិភពលោក។ ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាមានសារៈសំខាន់សម្រាប់វិស័យការទូតរបស់កម្ពុជា សម្រាប់ពង្រីកនៅកិត្យានុភាពជាតិលើឆាកអន្តរជាតិ ពង្រីកនៅតួនាទីរបស់កម្ពុជានៅក្នុងកិច្ចការតំបន់ និងពិភពលោកឱ្យកាន់តែសកម្មទ្វេដងថែមទៀត ហើយក៏បង្ហាញឱ្យឃើញនៅការយកចិត្តទុកដាក់របស់សម្តេចតេជោនៅក្នុងដំណើរការធ្វើពិពិធកម្មការទូតរបស់កម្ពុជា និងការអនុវត្តនៅការទូតសភាប្រកបដោយទេពកោសល្យ និងភាពរស់រវើក ដែលសម្តេចលោកជាអ្នកការទូតដ៏ឆ្នើមមួយរូបនៃព្រះរាជាណាចក្រកម្ពុជារបស់យើង៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន

ads banner