ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត»

(ព្រះសីហនុ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។

ពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះ ប្រារព្ធឡើងក្រោមសហអធិបតីភាពរបស់ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុប ១,៤០៤នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ ងុយ រិទ្ធ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ជូនដល់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងភាគីពាក់ព័ន្ធនានា សំដៅបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ក៏ដូចជាជំរុញផលិតភាពការងារ។

ឯកឧត្តម ងុយ រិទ្ធថា៖ «យើងមានភាពចាំបាច់ត្រូវតែមានស្មារតីបុរេសកម្ម ក្នុងការសិក្សាស្រាវជ្រាវ និងដាក់ចេញនូវគោលនយោបាយ ដើម្បីបង្ការហានិភ័យថ្មីៗចំពោះសុវត្ថិភាព និងសុខភាពការងារ ដែលអាចកើតចេញពីទំនាក់ទំនងរវាងកម្មករនិយោជិតនិងមនុស្សយន្ត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)»។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ និងបរិបទឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI), កម្ពុជាបានធ្វើបរិវត្តកម្មឌីជីថលក្នុងការចាប់យកនិងទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ក៏ដូចជាបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋឌីជីថលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។

គួររំឭកដែរថា កម្ពុជាបានរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ជាលើកដំបូង នៅឆ្នាំ២០០៦ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។ សម្រាប់ឆ្នាំ២០២៥នេះ គឺជាខួបលើកទី២០ នៃទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner