ឆ្នាំ២០២៥នេះ បារាំង គ្រោងនឹងផ្ដល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើគម្រោងធំៗចំនួន៧ ខណៈឆ្នាំ២០២៤ កម្ពុជា ទទួលបានហិរញ្ញប្បទានពីបារាំង ខ្ពស់បំផុត មិនធ្លាប់មាន
(ភ្នំពេញ)៖ បារាំង នឹងផ្ដល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើគម្រោងធំៗចំនួន៧ ក្នុងឆ្នាំ២០២៥នេះ លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល ខណៈនៅឆ្នាំ២០២៤ កម្ពុជា ទទួលបានហិរញ្ញប្បទានពីបារាំង ក្នុងទំហំទឹកប្រាក់ចំនួន ២១៥លានអឺរ៉ូ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលរវាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេនស្ថានទូតបារាំង ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកអគ្គរដ្ឋទូតបារាំង បានមើលឃើញពីភាពរីកច្រើន នៃទំនាក់ទំនងប្រទេសទាំងពីរ ដោយអះអាងថា ទំនោរនេះ នឹងបន្តមានជាមានជាមួយដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅកម្ពុជានៅចុងឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។

តាមការបញ្ជាក់របស់ ឯកឧត្តម ហ្សាក់ ប៉ឺឡេ , តាមរយៈទំនាក់ទំនងល្អប្រសើរនេះ នៅឆ្នាំ២០២៥ កម្ពុជា ទទួលបានការគាំទ្រពីបារាំងចំនួន ៧គម្រោង ដែលផ្តោតពិសេសលើវិស័យគ្រប់គ្រងទឹក កសិកម្ម, ថាមពល និងបម្រែបម្រួលអាកាសធាតុ ។ គម្រោងនេះ ធ្វើឡើងក្នុងភាពជាដៃគូជាមួយស្ថាប័នកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ថាប័នកម្ពុជា ។ ជាមួយនេះ ឯកឧត្តម ក៏បង្ហើបដែរថា គម្រោងនេះ ក៏មានគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត នៅបាក់ខែង ជំហានទី៣ ទទួលបានគម្រោងកម្ចីចំនួន ២០០លានអឺរ៉ូ ពីបារាំង ដែលមានគោលដៅធានាការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ១០០ភាគរយ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០៣០ ដែលនេះជាគម្រោងទី១ ។

គម្រោងទី២៖ គម្រោងស្តារអាងស្ទឹងស្វាយចេក ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដែលមានគោលដៅពង្រឹងភាពធន់ផ្នែកអាកាសធាតុ កែលម្អលទ្ធភាពទទួលបានទឹកសម្រាប់ កសិកម្ម ក៏ដូចជាស្ដារប្រព័ន្ធអេកូឡូបហ្ស៊ី ជាមួយកម្ចីដែលមានទឹកប្រាក់៩១លានអឺរ៉ូ ។

គម្រោងទី៣៖ គម្រោងនេសាទសមុទ្រ និងតំបន់ឆ្នេរប្រកបដោយនិរន្តរភាព ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានគោលដៅពង្រឹងភាពធន់ទៅនឹងបម្រែបម្រួល អាកាសធាតុ និងផលិតភាពនៃឆ្នេរ និងសមុទ្រនៅកម្ពុជា ដោយមានកាគាំទ្រផ្នែកហិរញ្ញវត្ថុ ២០លានដុល្លារផ្តល់ ដោយទីភ្នាក់ងារ AFD។

គម្រោងទី៤៖ គម្រោង Wat4Cam ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកដោយផ្តោតលើផលប៉ះពាល់ផ្នែកអាកាសធាតុ ការជួយជ្រោមជ្រែង អន្តរកាលអេកូឡូហ្ស៊ី និងការកែលម្អប្រព័ន្ធស្រោចស្រព។ គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទានចំនួន ៧៥លានអឺរូពីទីភ្នាក់ងារ AFD និងហិរញ្ញប្បទានឥតសំណងចំនួន១១,៨លានអឺរ៉ូ ពីសហភាពអឺរ៉ុប។
គម្រោងទី៥៖ គម្រោង Rid4Cam ជាមួយក្រសួងអភិវឌ្ឍន៍ជនបទដែលអនុញ្ញាតឲ្យមានការស្តារ និងជួសជុលផ្លូវជនបទ ប្រវែង៥៥០គីឡូម៉ែត្រ ក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងបម្រែបម្រួលអាកាសធាតុក្នុងវិស័យទឹក ស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ តាមរយៈហិរញ្ញប្បទានសម្បទានចំនួន៧៥លានអឺរ៉ូផ្តល់ ដោយទីភ្នាក់ងារ AFD ដែលបំពេញបន្ថែមដោយហិរញ្ញប្បទានអាល្លឺម៉ង់ (ចំនួន៣០លានអឺរ៉ូពីធនាគរ KFW ១០០ ០០០ អឺរ៉ូពីBMZ) និងហិរញ្ញប្បទានអឺរ៉ុប (៨.៧លានអឺរ៉ូ)។
គម្រោងទី៦៖ គម្រោងធ្វើទំនើបកម្មបណ្តាញបញ្ជូន និងចែកចាយអគ្គិសនីនៅកម្ពុជា ដែលជួយជ្រោមជ្រែងបរិវត្តកម្មឌីជីថល របស់អគ្គិសនីកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងបណ្តាញបញ្ជូន និងចែកចាយរបស់អគ្គិសនីកម្ពុជា តាម រយៈហិរញ្ញប្បទានសម្បទានចំនួន២៥លានអឺរ៉ូ ដែលបំពេញបន្ថែមដោយហិរញ្ញប្បទានចំនួន៤,១លានអឺរ៉ូពី សហភាពអឺរ៉ុប។
គម្រោងទី៧៖ គម្រោង ACSEP ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួយជ្រោមជ្រែងការ ពង្រឹងកសិកម្មកម្ពុជានៅលើទីផ្សារជាតិ និងអន្តរជាតិ ដោយពង្រឹងភាពប្រកួតប្រជែងនៃផ្នែកយុទ្ធសាស្ត្រទាំង ប្រាំ ក៏ដូចជាកែលម្អសុវត្ថិភាពសុខភាពក្នុងខ្សែច្រវាក់តម្លៃ (ដោយមានកម្ចី២៥លានអឺរ៉ូ) ។
ឯកអគ្គរដ្ឋទូតបារាំងរូបនេះ បញ្ជាក់ថា នៅកម្ពុជា ក្រុមបារាំង ធ្វើអន្តរាគមន៍ជាពិសេសតាមរយៈសកម្មភាពរបស់ទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ ហៅកាត់ថា (AFD) ។ មានវត្តមានជាង ៣០ឆ្នាំ នៅប្រទេសកម្ពុជា ទីភ្នាក់ងារ AFD គឺជាតួអង្គសំខាន់ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់របស់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានសរុបជាង១,៥ពាន់លានអឺរ៉ូ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានខ្ពស់បំផុត មិនធ្លាប់មានកាលពីឆ្នាំ២០២៤ ដោយមានចំនួនទឹកប្រាក់ ២១៥លានអឺរ៉ូ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត
