សម្ដេចធិបតី ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និងទីប្រជុំជនធំៗ

(កណ្ដាល)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍មួយចំនួន ដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និង ទីប្រជុំជនធំៗ ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលសមិទ្ធផលនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀង ក្នុងរដូវវស្សា ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖ ទី១. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និង ទីប្រជុំជនធំៗ ដោយធានាឱ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទីនោះ ។

ទី២. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមទីក្រុង និង ទីប្រជុំជនសំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និង ការរីកចម្រើនរបស់ប្រទេសជាតិ, ជាពិសេស ការគ្រប់គ្រងឱ្យបាននូវការបញ្ចេញសំណល់ ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និង សោភ័ណភាពទីក្រុង ។

ទី៣. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួមគ្នាសិក្សាវាយតម្លៃអំពីលទ្ធភាព នៃការអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដើម្បីពន្លឿនការអភិវឌ្ឍ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កាត់បន្ថយហានិភ័យ និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និង នវានុវត្តន៍ខ្ពស់ ។

ទី៤. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍដើម្បីបន្តបញ្ជ្រាប ការយល់ដឹងអំពីសារៈប្រយោជន៍ និង របៀបរស់នៅ បែបថ្មីឱ្យបានទូលំទូលាយ, និង ជំរុញការផ្លាស់ប្ដូរឥរិយាបថ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការប្រើប្រាស់ ប្រព័ន្ធចម្រោះទឹកកខ្វក់ និង ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាកៀរគរបងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋានរបស់ខ្លួនជាមួយបណ្ដាញលូសាធារណៈ ។

ទី៥. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវពន្លឿន ការសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជំរុញ ការអនុវត្តច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner