សម្តេចធិបតី៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិរបស់យើង។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានរបស់ជាតិ ប៉ុន្តែប្រជាពលរដ្ឋដែលមានសុខភាពមិនល្អ គឺជាបន្ទុករបស់ជាតិ។
បន្ថែមពីនេះ, ការរៀបចំបង្កើតសមិទ្ធផលបន្ថែមនានា នៅតាមមន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យតេជោសន្តិភាព, មន្ទីរតេជោកោះធំ, អគារវះកាត់នៅមន្ទីរពេទ្យបង្អែកសៀមរាប និងការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់នៅពេលនេះ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ។ មួយវិញទៀត, ពាក់ព័ន្ធនឹងការងារសុខាភិបាល គឺត្រូវគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវផ្ដោតសំខាន់លើការបង្ការកុំឱ្យកើតមានជំងឺ រួមទាំងជំងឺដែលពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ ជាមួយគ្នានេះ, នៅពេលដែលទីក្រុងកាន់តែរីកធំ, កំណើន និងដង់ស៊ីតេរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើង នោះដីដែលសល់សម្រាប់បង្ហូរទឹកកខ្វក់កាន់តែខ្វះ ដែលទាមទារឱ្យមានការគិតគូរអំពីការប្រើប្រាស់ និងការដោះស្រាយទឹកកខ្វក់ និងសំណង់ ជាពិសេសការបង្ហូរទឹកកខ្វក់ ដែលមានធាតុពុលចូលក្នុងប្រព័ន្ធទឹកសាធារណៈ ជាពិសេសនៅបណ្ដារាជធានី ខេត្ត ដែលនៅជាប់ទន្លេ និងសមុទ្រ ហើយរាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់រួចរាល់។
ក្នុងឱកាសនោះដែរ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍគឺត្រូវធ្វើពីមួយជំហានទៅមួយជំហាន ហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីការងារប្រជាពលរដ្ឋ និងគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈ ការអប់រំ និងសុខាភិបាល រួមទាំងកសាង និងសម្ពោធសមិទ្ធផលជាបន្តបន្ទាប់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈកាត់បន្ថយការចំណាយ និងបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ដែលនេះជាផ្ការីករបស់គណបក្សប្រជាជន ហើយគ្មានអ្នកណាមានមោទភាពចំពោះការអភិវឌ្ឍនៅក្នុងប្រទេសយើង ជាងខ្មែរយើងនោះទេ។ ជាមួយគ្នានេះ, ដរាបណាប្រជាពលរដ្ឋគាំទ្រសមិទ្ធផល និងសប្បាយរីករាយជាមួយសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានសម្រេចបាន នោះរដ្ឋាភិបាលនឹងសិក្សា និងកសាងសមិទ្ធផលជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ។
មុននឹងបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖ ទី១. ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និងទីប្រជុំជនធំៗ ដោយធានាឱ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទីនោះ។ ទី២. ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមទីក្រុង និងទីប្រជុំជនសំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និងការរីកចម្រើនរបស់ប្រទេសជាតិ, ជាពិសេស ការគ្រប់គ្រងឱ្យបាននូវការបញ្ចេញសំណល់ ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និង សោភ័ណភាពទីក្រុង។ ទី៣. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួមគ្នាសិក្សាវាយតម្លៃអំពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដើម្បីពន្លឿនការអភិវឌ្ឍ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កាត់បន្ថយហានិភ័យ និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និង នវានុវត្តន៍ខ្ពស់ ។ ទី៤. ក្រសួងសាធារណការ និង ដឹកជញ្ជូនត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារៈប្រយោជន៍ និង របៀបរស់នៅបែបថ្មីឱ្យបានទូលំទូលាយ, និង ជំរុញការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកកខ្វក់ និង ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាកៀរគរបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋានរបស់ខ្លួនជាមួយបណ្ដាញលូសាធារណៈ។ និងទី៥. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវពន្លឿនការសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត






