សម្តេចធិបតី ជួបសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីអូស្ត្រាលី ដោយសាទរ ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលទី០៦ ខែឧសភា ឆ្នាំ២០២៥ បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរ ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់
របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ។ នេះជាការលើកឡើង របស់សម្ដេចធិបតី នៅលើឆាណែលតេលេក្រាម នារសៀលថ្ងៃទី៦ឧសភា ។
សម្ដេចធិបតី បានប្តថា លទ្ធផល នៃការបោះឆ្នោតនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តម Anthony Albeneses និងបន្តគាំទ្រឯកឧត្តម ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។
សម្ដេចធិបតី មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រទេសយើងទាំងពីរ និងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម របស់ប្រទេស និងប្រជាជនកម្ពុជា និងអូស្ត្រាលី ៕
ដោយ ៖ វណ្ណលុក