សម្តេចធិបតី ហ៊ុន ម៉ាណែត សន្ទនាជាមួយ​នាយករដ្ឋមន្ត្រីអូស្ត្រាលី​តាមទូរសព្ទ ដើម្បីសម្ដែង​ការអប​អរសាទរជាមួយនឹងជោគជ័យ​ដ៏ត្រចះត្រចង់​របស់គណបក្សពលករអូស្ត្រាលី

នារសៀលថ្ងៃទី៦ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានសន្ទនាជាមួយឯកឧត្តម Anthony Albe​nese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែង​ការអប​អរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោត​សហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

សម្តេចធិបតីបានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់​យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើ​ការ​ដឹកនាំ​របស់ឯកឧត្តម Anthony Albeneses និងបន្តគាំទ្រឯកឧត្តម​ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផល​បន្ថែមទៀត​ជូនប្រជាពលរដ្ឋអូស្ត្រាលី។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់​ឯកឧត្តម ប្រទេសយើងទាំងពីរនឹងបន្ត​លើកកម្ពស់កិច្ចសហប្រតិបត្តិ​ការលើគ្រប់វិស័យកាន់តែល្អប្រសើរ​បន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម​របស់ប្រទេសនិងប្រជាជន​កម្ពុជានិងអូស្ត្រាលី៕
ដោយ៖ពលជ័យ

ads banner