សមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស- ២០២៥» ចាប់ពីថ្ងៃទី១៤-២៨ ខែឧសភា

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន «នាគមាស- ២០២៥» នៅទីតាំងពីរផ្សេងគ្នា។ ទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។

អ្នកនាំពាក្យបានបន្តថា សមយុទ្ធមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរករួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ក្នុងគោលបំណង អភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈ សន្តិសុខដែលមានលក្ខណៈរួមគ្នានិងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

ប្រភពដដែលបានបញ្ជាក់ថា ចំពោះកម្លាំងទ័ពចូលរួម ភាគីកម្ពុជាចំនួន ១,៣៣១នាក់ និងភាគីចិនចំនួន ៨៤៥នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្ត សង្គ្រោះ នារ៉ា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ជ្រួនស៊ើបការណ៍ ជ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត៕
ដោយ៖ពលជ័យ

ads banner