មេកាណាដាប្រាប់ Trump ថា «ប្រទេសនេះមិនមែនសម្រាប់លក់»
បរទេស ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រាប់លោក Donald Trump កាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក មិនមែនសម្រាប់លក់ទេ ហើយជំនួបនាសេតវិមាន នាពេលនេះ ធ្វើឡើង ចំពេលដែលមានភាពតានតឹង លើពន្ធគយ និង អធិបតេយ្យភាព។
នៅក្នុងកិច្ចប្រជុំ នៅ Oval Office លើកដំបូង របស់ពួកលោក ប្រធានាធិបតីអាមេរិក វ័យ៧៨ឆ្នាំ បានទទូចទៅកាន់លោក Carney ដែលទើបជាប់ឆ្នោត ថ្មីៗនេះ ថា «វានឹងក្លាយជាអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ» ប្រសិនបើកាណាដា យល់ព្រម តាមការអំពាវនាវ ម្តងហើយម្តងទៀត របស់លោក ដែលចង់ឲ្យកាណាដា ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។
លោក Carney បានប្រាប់មហាសេដ្ឋី អចលនទ្រព្យ Trump ដោយប្រៀបធៀប ប្រទេសកាណាដា ទៅនឹងការិយាល័យ រាងពងក្រពើ ដែលកំពុងអង្គុយនោះ និង ធៀបទៅនឹងវិមាន Buckingham របស់ចក្រភពអង់គ្លេស ដែលថា «ដូចដែលលោកបានដឹងហើយ អំពីអចលនទ្រព្យ មានកន្លែងមួយចំនួន ដែលមិនសម្រាប់លក់ទេ…ហើយលោកបានជួប ជាមួយម្ចាស់ប្រទេសកាណាដា ក្នុងរយៈពេលជាច្រើនខែ ចុងក្រោយនេះហើយ បានដឹងច្បាស់ថា កាណាដា មិនមែនសម្រាប់លក់ទេ»។
បន្ទាប់មក លោក Trump បានឆ្លើយតបថា «សូមកុំនិយាយថា មិនមែនសម្រាប់លក់ រហូតនោះ»។
ប៉ុន្តែ ក្រោយមក មេដឹកនាំទាំងពីរ បានសាទរចំពោះ កិច្ចពិភាក្សានេះថា មានការរីកចម្រើន ទោះបីជាលោក Carney បាននិយាយថា លោកបានស្នើសុំឱ្យលោក Trump ជាលក្ខណៈឯកជន ឲ្យបញ្ឈប់បំណងដាក់កាណាដា រួមបញ្ជូលជាមួយសហរដ្ឋអាមេរិក ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
