ឥណ្ឌាបាញ់មីស៊ីលដាក់ប៉ាគីស្ថាន ស្លាប់ជនស៊ីវិល ៨នាក់ របួស ៣៥នាក់
អ៊ីស្លាម៉ាបាដ ៖ យោធាប៉ាគីស្ថាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ៨នាក់ រួមទាំងកុមារម្នាក់ត្រូវបានសម្លាប់ និង ៣៥នាក់ផ្សេងទៀតរងរបួស ហើយពីរនាក់កំពុងបាត់ខ្លួន នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីឥណ្ឌាបានបាញ់មីស៊ីលទៅកាន់ទីតាំងចំនួន ៦ នៅក្នុងប្រទេសប៉ាគីស្ថាន។
អគ្គនាយកផ្នែកទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ដែលជាស្លាបប្រព័ន្ធផ្សព្វផ្សាយនៃកងទ័ពប៉ាគីស្ថាន បានរាយការណ៍ថា ការស្លាប់ និង របួសនេះបង្កឡើងពីការវាយប្រហាររបស់ឥណ្ឌា លើគោលដៅនៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។
ការវាយប្រហាររបស់ឥណ្ឌាប្រឆាំងប៉ាគីស្ថាន កើតឡើងបន្ទាប់ពីទីក្រុងញូវដែលីបានចោទទីក្រុងអ៊ីស្លាម៉ាបាដថា ជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរឥណ្ឌានៅក្នុងតំបន់កាស្មៀ កាលពីថ្ងៃទី២២ ខែមេសា។
ឥណ្ឌា និង ប៉ាគីស្ថាន បានប្រយុទ្ធគ្នាពេញទំហឹងចំនួនបីដង ចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៧។ ប្រទេសទាំងពីរបានទាមទារគ្រប់គ្រងតំបន់កាស្មៀរទាំងស្រុងរៀងៗខ្លួន ប៉ុន្តែពួកគេបានត្រឹមគ្រប់គ្រងផ្នែកដាច់ដោយឡែកនៃតំបន់ជម្លោះមួយនេះប៉ុណ្ណោះ៕
ប្រភព ៖ Xinhua និង AFP ប្រែសម្រួល ៖ ឈឹម ទីណា



