កម្ពុជា ហាមឃាត់ជាបណ្តោះអាសន្នពីការនាំសត្វពាហនៈនិងផលិតផលសាច់ពីប្រទេសថៃ
(ភ្នំពេញ)៖ បន្ទាប់ពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ រួចមកនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានមួយអំពីការ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេស ។
ក្រសួងកសិកម្មបានអះអាងថាបច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។
ជាមួយគ្នានេះក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩។
គួរបញ្ជាក់ថា ប្រទេសឡាវនាដើមសប្តាហ៍នេះក៏បានចេញបំរាមពីការនាំសត្វពាហនៈ និងសាច់សត្វចូលពីប្រទេសថៃផងដែរ បន្ទាប់ពីប្រទេសមួយនេះបានផ្ទុះជំងឺអង់ត្រាក់បង្កការប៉ះពាល់ដល់សត្វ និងមនុស្សយ៉ាងហោចណាស់៣នាក់បានឆ្លងជំងឺកាចសាហាវនេះរួចមក។
ដោយឡែក មន្រ្តីបសុសត្វថៃ បានអំពាវនាវឱ្យពលរដ្ឋជៀសវាងការបរិភាគសាច់គោឆៅ ឬសាច់គោងាប់ និងត្រូវតែបរិភោគសាច់ណា ដែលត្រូវបានចម្អិនយ៉ាងហ្មត់ចត់ក្នុងកំដៅយ៉ាងហោចណាស់ ១២០អង្សាសេ ឬចម្ពិនយ៉ាងហោចឆាប់ណាស់ក្នុងរយៈពេល៣០នាទី ដើម្បីសម្លាប់បាក់តេរីបង្កមេរោគអង់ត្រាក់។
សូមបញ្ជាក់ថា មេរោគអង់ត្រាក់ (Anthrax) រឺហៅម្យ៉ាងទៀតថា ជំងឺឈាមខ្មៅ ត្រូវបានសារព័ត៌មានថៃចុះផ្សាយថាគឺជាជំងឺឆ្លងពីសត្វគោ ក្របី ពពែ និងចៀម។ វាជាជំងឺឆ្លងដ៏ធ្ងន់ធ្ងរពីសត្វទៅមនុស្ស ដែលបង្កឡើងដោយបាក់តេរី ឈ្មោះ បាស៊ីលុស អង់ត្រាស៊ីស (Bacillus anthracis) ក្រោយពីអ្នកដែលបរិភោគសាច់គោឆៅមានផ្ទុកជំងឺនេះ ហើយបន្ទាប់ពីឆ្លងមេរោគនេះ បានប្រហែល១ ទៅ៥ថ្ងៃ អ្នកជំងឺនឹងមានរោគសញ្ញាគ្រុនក្តៅ ក្អួត ចង្អោរ ឈឺពោះធ្ងន់ធ្ងរ ដកដង្ហើមខ្លី ពិបាកដកដង្ហើម។ ចំណែកក្នុងករណីរោគសញ្ញាមានសភាពធ្ងន់ធ្ងរ នោះ៨០ភាគរយនៃអ្នកជំងឺអាចស្លាប់ថែមទៀតផង៕



ដោយ ៖ ម៉ាដេប៉ូ