រុស្ស៊ីចង់ជួយបញ្ចប់ជម្លោះប្រដាប់អាវុធរវាងឥណ្ឌា និងប៉ាគីស្ថាន

បរទេស៖ ប្រទេសរុស្ស៊ីបានបង្ហាញពីឆន្ទៈចង់ស្វែងរកសន្តិភាព បញ្ចប់ជម្លោះប្រដាប់អាវុធ រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅតំបន់កាស្មៀរ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រ៉យធឺ កាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហាញបំណង ជួយសម្របសម្រួលបែបនេះ ទៅកាន់ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Ishaq Dar កាលពីថ្ងៃអាទិត្យ។ លោក Lavrov ថា រុស្ស៊ីយកចិត្តទុកដាក់ជាពិសេស ចំពោះការកើនឡើងគួរឱ្យកត់សម្គាល់នៃភាពតានតឹង រវាងទីក្រុង New Delhi និង Islamabad។ ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយ សេចក្តីថ្លែងការណ៍ បញ្ជាក់បន្ថែមថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាព សម្រាប់ដំណោះស្រាយនយោបាយ បញ្ចប់សកម្មភាពភេរវកម្ម នៅកាស្មៀរ។

គួរកត់សម្គាល់ ការសន្ទនារបស់លោក Lavrov ជាមួយមន្ត្រីប៉ាគីស្ថាន បានធ្វើឡើង នៅរយៈពេលពីរថ្ងៃ បន្ទាប់ពីលោកបានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាផងដែរ ហើយ ពេលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី រូបនេះ បានអំពាវនាវឱ្យមានការដោះស្រាយ បញ្ចប់ការខ្វែងគំនិតគ្នា រវាងប្រទេសជិតខាងទាំងពីរ។

គួររម្លឹកថា ក្រុមសកម្មប្រយុទ្ធ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២៦នាក់ អំឡុងការវាយប្រហារ កាលពីចុងខែមេសា លើតំបន់ទេសចរណ៍ភ្នំមួយកន្លែង នៅក្នុងតំបន់ Kashmir ។ តំបន់មួយនេះ ភាគច្រើន ជាមូស្លីម ហើយត្រូវបានទាមទារការគ្រប់គ្រង ដោយប្រទេសទាំងពីរ ទាំងប៉ាគីស្ថាន និងឥណ្ឌា នាំឲ្យមានផ្ទុះអាវុធជាច្រើនលើក ជាមួយនឹងការបះបោរ និង ការប្រឈមមុខការទូត ដាក់គ្នា។

ជាការកត់សម្គាល់ រុស្ស៊ីគឺជាអ្នកផ្តល់អាវុធដ៏ធំបំផុត របស់ឥណ្ឌា អស់ជាច្រើនទសវត្សរ៍មកហើយ ហើយទីក្រុងញូវដែលី និងទីក្រុងម៉ូស្គូ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា តាំងពីសម័យសូវៀត។

ព័ត៌មានចុងក្រោយនេះ នាព្រឹកថ្ងៃពុធនេះ ឥណ្ឌាបានវាយប្រហារតាមអាកាស លើប៉ាគីស្ថាន សម្លាប់មនុស្ស៨នាក់ ដើម្បីជាការសងសឹកនឹងការវាយប្រហារស្លាប់មនុស្ស២៦នាក់ នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ ខែមេសា ហើយប៉ាគីស្ថានបានអះអាងថា នឹងសងសឹកវិញ។

ប្រភពពី រ៉យធឺ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner