ក្រុមហ៊ូទី ៖ អ៊ីស្រាអែល វាយលុកទីក្រុងកំពង់ផែយេម៉ែន ស្លាប់ ៤នាក់ របួស ៣៩នាក់
សាណាអា ៖ អាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហ៊ូទី និយាយថា មនុស្ស ៤នាក់បានស្លាប់ និង ៣៩នាក់ទៀតរបួស ដោយសារថ្វីដៃអ៊ីស្រាអែលវាយលុកទីក្រុងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែនកាលពីថ្ងៃចន្ទ។
ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើករបស់អ៊ីស្រាអែល សំដៅលើខេត្តជាប់សមុទ្រក្រហម ដែលបានវាយប្រហារទីក្រុងកំពង់ផែ Hodeidah ព្រលានយន្តហោះ រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធានៅភាគឦសាននៃទីក្រុង។
សាក្សីបាននិយាយថា ការវាយប្រហារទាំងនោះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីបានបាញ់ស្រោចមីស៊ីលកាលពីថ្ងៃអាទិត្យ នៅជិតព្រលានយន្តហោះ Ben Gurion នៃទីក្រុង Tel Aviv ដែលបណ្តាលឱ្យមនុស្ស ៨នាក់របួស។
ក្រុមហ៊ូទីនិយាយថា ការវាយប្រហារមីស៊ីលរបស់ខ្លួន គឺជាការសងសឹកនឹងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ខណៈដែលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូបានប្តេជ្ញាសងសឹកក្រុមហ៊ូទី និងសម្ព័ន្ធមិត្តរបស់ពួកគេ គឺអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលនោះ។
ទោះបីជាយ៉ាងណា ក្រុមហ៊ូទីក៏ធ្លាប់បានអះអាងផងដែរថា ខ្លួននឹងបញ្ឈប់ការវាយប្រហារភ្លាមៗ ប្រសិនបើអ៊ីស្រាអែលបញ្ចប់យុទ្ធនាការយោធា និង ការបិទផ្លូវប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
