Droneវាយលុកមូលដ្ឋានទ័ពជើងទឹកស៊ូដង់
បរទេស ៖ យន្តហោះគ្មានមនុស្សបើក ឬ Drone បានវាយប្រហារ លើមូលដ្ឋានទ័ពជើងទឹក ដ៏ធំបំផុត របស់ប្រទេសស៊ូដង់ កាលពីថ្ងៃពុធ។
កំពង់ផែស៊ូដង់នៅលើឆ្នេរសមុទ្រក្រហម គឺជាជម្រកសុវត្ថិភាព ទទួលមនុស្សរាប់សែននាក់ ដែលផ្លាស់ទីលំនៅ ជាមួយនឹងវត្តមានរបស់ការិយាល័យអង្គការសហប្រជាជាតិ។ អាជ្ញាធរបានស្តីបន្ទោស ទៅលើកងកម្លាំងប្រដាប់អាវុធ RSF។ ប្រភពពីកងទ័ព បាននិយាយ ក្នុងលក្ខខណ្ឌអនាមិកថា ដ្រូនទាំងនេះក៏ត្រូវបានមីស៊ីលប្រឆាំងយន្តហោះ បាញ់ទប់ស្កាត់ ផងដែរ។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ ពីការផ្ទុះ ជាបន្តបន្ទាប់ ពីទិសដៅនៃមូលដ្ឋាន Flamingo ដែលស្ថិតនៅភាគខាងជើង នៃរដ្ឋធានី ប៉ុន្មានថ្ងៃ កន្លងទៅនេះ។ ក្រោយមក កាលពីថ្ងៃពុធ អ្នកស្រុកបានរាយការណ៍ ពីការការពារដែនអាកាស ក្នុងសកម្មភាពប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក ដែលហោះ ជុំវិញទីក្រុង។
សង្គ្រាមបានផ្ទុះឡើង ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធ របស់ស៊ូដង់ និង RSF ដែលរដ្ឋាភិបាលអះអាងថា គាំទ្រដោយប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។ ការវាយប្រហារចុងក្រោយ កើតឡើង ក្រោយប៉ុន្មានថ្ងៃ ដែលប្រទេសនៅអាហ្វ្រិក មួយនេះ ផ្តាច់ទំនាក់ទំនងជាមួយប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។
មេទ័ព ស៊ូដង់ Abdel Fattah al-Burhan ប្តេជ្ញាសងសឹក បន្ទាប់ពីការវាយប្រហារនេះ។ «យើងនិយាយទៅកាន់អ្នកទាំងអស់ ដែលបានវាយប្រហារប្រជាជនស៊ូដង់ថា ម៉ោងនៃការគិតឡើងវិញ នឹងមកដល់»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត