អង់គ្លេសចង់លូកដៃជួយបន្ធូរបន្ថយជម្លោះឥណ្ឌា-ប៉ាគីស្ថាន
ឡុងដ៍ ៖ អង់គ្លេសបានប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមកាត់បន្ថយភាពតានតឹងរវាងឥណ្ឌា-ប៉ាគីស្ថាន បន្ទាប់ពីមានអំពើហិង្សាដ៏អាក្រក់បំផុតរវាងគូរសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលពីរទសវត្សរ៍។
រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោក Jonathan Reynolds បានប្រាប់វិទ្យុ BBC ថា សាររបស់យើង គឺថាយើងជាមិត្ត ជាដៃគូសម្រាប់ប្រទេសទាំងពីរ។ ដូច្នេះយើងត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីគាំទ្រប្រទេសទាំងពីរ កាត់បន្ថយភាពតានតឹង និងស្វែងរកការចរចាដោយសន្តិវិធី។
ទន្ទឹមគ្នានេះ ការិយាល័យកិច្ចការបរទេសបានណែនាំជនជាតិអង់គ្លេសកុំឱ្យធ្វើដំណើរក្នុងចម្ងាយ ៨គីឡូម៉ែត្រពីព្រំដែនឥណ្ឌា-ប៉ាគីស្ថាន ក្រោមហេតុផលសុវត្ថិភាព។
យោងតាមប្រភពរបស់ AFP យ៉ាងហោចណាស់មនុស្ស ៤៣នាក់បានស្លាប់ គិតមកទល់ពេលនេះ ដោយប៉ាគីស្ថាននិយាយថា ក្នុងនោះជនស៊ីវិល ៣១នាក់ត្រូវបានសម្លាប់ ដោយសារថ្វីដៃឥណ្ឌាវាយលុកនៅតាមព្រំដែន ខណៈដែលឥណ្ឌាក៏បានរាយការណ៍ពីមនុស្សស្លាប់ ១២នាក់ ក្នុងការបាញ់ផ្លោងរបស់ប៉ាគីស្ថានផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា