វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ នឹងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ឯកឧត្ដម ថោង ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំនៃ​មន្ទីរធនធានទឹក​និងឧតុនិយម ខេត្តបន្ទាយមានជ័យ មន្ត្រីបច្ចេកទេសសំណង់ បានអញ្ជើញពិនិត្យ​វឌ្ឍភាព គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធធារា​សាស្ត្រ និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ខណៈការដ្ឋាននេះកំពុងជំរុញយ៉ាងមមាញឹកស្របពេលរដូវវស្សានឹងចូលមកដល់ឆាប់ៗ។

ក្នុងសកម្មភាពចុះពិនិត្យជាក់ស្តែងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធន​ធានទឹក និងឧតុនិយមបានបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយ​ទឹកជំនន់​នៅ ខេត្តបន្ទាយមានជ័យ ។គម្រោងនេះ​សំដៅ​កាត់​បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ, ដំណាំកសិកម្ម និងជីវិតរស់នៅ​ប្រជាពលរដ្ឋ ដែលបណ្តាលមក​ពីទឹកជំនន់​ក្នុងតំបន់ និងទឹកជំនន់ឆ្លងដែន ។ ម៉្យាងទៀតគម្រោង​នេះមានសាងសង់​នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ, ប្រព័ន្ធ​រំដោះទឹក និងអាងទឹកដែលមានពហុមុខងារ រួមទាំងប្រឡាយមេធំៗ ជាមួយសំណង់សិល្បការ្យផងដែរ ។

ឯកឧត្ដមបន្តថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ក៏នឹងក្លាយ​ជាតំបន់​ទាក់ទាញទេសចរទៀតផង ។ចំណែកប្រជាពលរដ្ឋក៏​អាចបង្កើតមុខរបរបង្កើនប្រាក់ចំណូលដល់គ្រួសារ។

សូមជម្រាបថា គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានបើកការ​ដ្ឋានសាង​សង់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹកនិងឧតុនិយម និងអនុវត្ត​សាងសង់ ដោយក្រុមហ៊ុនសំណង់ធារាសាស្ត្រកូរ៉េ ជាមួយក្រុមបច្ចេកទេសមកពីក្រសួងផងដែរ ។គម្រោងនេះ​នឹង​បញ្ចប់​នៅឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែឧសភាគម្រោងអនុវត្តបាន៧៧ភាគរយនៃផែនការ។គម្រោង មានប្រឡាយដោះទឹក និងប្រឡាយ​ស្រោចស្រព​មាន​ប្រវែង ជាង៩២គីឡូម៉ែត្រ។មានសំណង់សិល្បការ្យចំនួន ២៣១កន្លែង។គម្រោងនេះសាងសង់ឡើងក្នុងភូមិសាស្ត្រ​នៅក្រុង​ចំនួន២ គឺក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណនិង ស្រុកចំនួន២ទៀត គឺស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ដែលមានឃុំ សង្កាត់​ជាច្រើន នឹងទទួលផលដោយផ្ទាល់ពីគម្រោងនេះ៕

អត្ថបទ និង រូបភាព ៖ គៀន ច័ន្ទហ៊ីន

ads banner