មេដឹកនាំអាមេរិកជំរុញឱ្យរុស្ស៊ី-អ៊ុយក្រែនចរចាដោយផ្ទាល់

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅថ្ងៃពុធ បានអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនបើកចរចាដោយផ្ទាល់ ដើម្បីបញ្ចប់សង្រ្គាមជាងបីឆ្នាំ ដែលចាប់ផ្តើមពីការឈ្លានពានរបស់រុស្ស៊ី។

លោកអនុប្រធានាធិបតី Vance និយាយថា យើងគិតថា វាប្រហែលជាមិនអាចទៅរួចទេសម្រាប់ពួកយើង ក្នុងការសម្រុះសម្រួលរឿងនេះ ដោយគ្មានការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ។

អាមេរិកបានចរចាដាច់ដោយឡែកទាំងជាមួយរុស្ស៊ី និង អ៊ុយក្រែន ស្តីពីការបញ្ចប់ជម្លោះ ប៉ុន្តែបានគំរាមថា នឹងដើរចេញលែងខ្វល់ ប្រសិនបើការចរចាកន្លងមកនេះ គ្មានការរីកចម្រើនក្នុងពេលឆាប់ៗនេះទេ។

ផែនការសន្តិភាពរបស់លោកប្រធានាធិបតី Trump កំពុងតែធ្លាក់ទឹក ដោយសាររុស្ស៊ីមិនព្រមទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលជាការសាកល្បងចង់ដឹងពីជំហររបស់រុស្ស៊ី និង អ៊ុយក្រែន។ សំណើបទឈប់បាញ់នេះ សម្រាប់អ៊ុយក្រែនទទួលយកបាន ឱ្យតែរុស្ស៊ីគោរពម៉ត់ចត់កុំបំពានបទឈប់បាញ់។

ជាមួយនឹងការបង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែន ដែលត្រូវកើនឡើងដល់ទៅពីរដង សម្រាប់ឆ្នាំ២០២៥ និង ឆ្នាំ២០២៦ បាននាំឱ្យអឺរ៉ុបនៅតែជាសហគមន៍ធំជាងគេ ក្នុងការបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន ដែលរាប់តាំងពីឆ្នាំ២០២៤ សហភាពអឺរ៉ុបផ្ដល់ជំនួយយោធា និង ជំនួយមិនមែនយោធាហក់ឡើងជិត ១៤០ពាន់លានដុល្លារ។ ចំណែកអាមេរិកបញ្ជូនជំនួយសម្រាប់អ៊ុយក្រែន ជាប្រទេសធំទី ២ មានទំហំជាង ១៣០ពាន់លានដុល្លារ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner